ព័ត៌មានអន្តរជាតិ

ក្ដៅៗ! កូរ៉េខាងជើង ផ្ទុះកំហឹងដាក់ជប៉ុន រឿងបាញ់បង្ហោះផ្កាយរណបឈ្លបការណ៍

កូរ៉េ: សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់យ៉ាងខ្លាំង ចំពោះប្រទេសជប៉ុន ពាក់ព័ន្ធនឹងការបាញ់បង្ហោះផ្កាយរណបឈ្លបការណ៍ IGS Radar-5 បំពាក់ជាមួយគ្រាប់រ៉ុក្កែត H-2A ដោយចោទសកម្មភាពនេះថា ជាការបង្ហាញមហិច្ឆតាឈ្លានពានប្រទេសកូរ៉េម្តងទៀត របស់រដ្ឋាភិបាលក្រុងតូក្យូ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) ដកស្រង់សម្តីអ្នកនាំពាក្យនៃក្រសួងការបរទេសកូរ៉េខាងជើងម្នាក់ បាននិយាយថា ជប៉ុនបានបាញ់បង្ហោះផ្កាយរណបឈ្លបការណ៍ IGS Radar-5 បំពាក់ជាមួយគ្រាប់រ៉ុក្កែត H-2A ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅខេត្តកាហ្គូស៊ីម៉ា ភាគខាងត្បូងប្រទេស កាលពីថ្ងៃទី ១៧ ខែមីនា។

តាមការបញ្ជាក់ពីអ្នកនាំពាក្យ បានឲ្យដឹងទៀតថា «អាជ្ញាធរជប៉ុន បានប្រកាសថា ការចាប់ផ្តើមបាញ់បង្ហោះ ផ្កាយរណបនោះ បានធ្វើឡើងក្នុងបំណងប្រមូលផ្តុំស៊ើបការណ៍ អំពីការបាញ់បង្ហោះមីស៊ីលផ្លោងឆ្លងទ្វីប របស់កូរ៉េខាងជើង ដែលវាអាចចាប់រូបភាព តាមរយ:ផ្កាយរណបស៊ើបការណ៍មួយនេះ»។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា «រដ្ឋាភិបាលកូរ៉េខាងជើង នឹងនៅតែបន្តការអនុវត្តកម្មវិធីផលិត និងបាញ់មីស៊ីល ដែលជាភាពស្របច្បាប់ត្រឹមត្រូវរបស់ខ្លួន សម្រាប់គោលបំណងរក្សា និងការពារសន្តិភាព ដោយមិនខ្វល់ពីការ រិះគន់របស់ប្រទេសណាទាំងអស់ ហើយអាចនិយាយបានថា រដ្ឋាភិបាលនឹងចាត់វិធានការឲ្យបានហ្មត់ចត់ ដើម្បីទប់ទល់នឹងយោធារបស់ជប៉ុន ដែលកំពុងមានមហិច្ឆតាចង់ឈ្លានពានប្រទេសកូរ៉េម្តងទៀត៕

មតិយោបល់