ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើសកម្មភាព លួចគោពលរដ្ឋមួយក្បាលយកទៅលក់

កំពង់ស្ពឺ: កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ច្បារមន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុខ ខ្នា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំ នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ពីបទលួចសត្វគោញីមួយក្បាល នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន និងដកហូតវត្ថុតាងសត្វគោ នៅចំណុចភូមិចម្ការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីម្ចាស់គោ មុនកើតហេតុម្ចាស់គោ បានដឹកគោយកទៅចងនៅខាងត្បូងភូមិ ស្ថិតនៅចំណុចតារាងយន្តហោះចាស់ ក្រោយមកបានបាត់គោ រួចក៏នាំគ្នាឆោឡោដើររក ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋ ប្រាប់ថាមានមនុស្សម្នាក់ដឹកគោមួយក្បាល ដែល មានភិនភាគដូចគោរបស់ខ្លួនទៅទិសខាងកើត ។

ជនសង្ស័យបានដឹកគោមកលក់ឱ្យឈ្មោះ លឹម ញ៉ នៅភូមិចម្ការដូង សង្កាត់ច្បារមន ក្រុងច្បារមនដូចគ្នា ដោយមានការសង្ស័យឈ្មោះ លឹម ញ៉ បានប្ដឹងរាយការណ៍ទៅសមត្ថកិច្ច ក្រោយមកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពេលឃើញនគរបាលជនសង្ស័យ ក៏បានរត់គេចខ្លួន បន្ទាប់មកកម្លាំងបានដេញតាមចាប់បានសាកសួរជនសង្ស័យសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគោ ខាងលើមែន ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាល បានរាយការណ៍ និងបានកសាងសំណុំរឿង បញ្ជូនទៅជំនាញចំណាត់ការបន្ដ រីឯសត្វគោបានឯកភាព ប្រគល់ជូនម្ចាស់គ្រប់គ្រងថែរក្សាបន្ដ ៕

មតិយោបល់