ព័ត៌មានជាតិ

ករណី​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​ រវាង​ជនជាតិ​ចិន​ និង​ជនជាតិ​ចិន​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ដោយ​ជោគជ័យ

ព្រះ​សីហ​នុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ​ យោង​តាម​សេចក្តីរាយការណ៍​បឋម​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា​ នា​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​ប្រហែល​ ១៨​និង​១០​នាទី​ មាន​ករណី​ផ្ទុះអាវុធ​ ចំនួន​៥-៦​គ្រាប់​ នៅ​ម្តុំ​ចុង​អូរ​ឈើទាល​ ពីមុខ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ ។​ ភ្លាមៗ​នោះ​ កម្លាំង​ការិយាល័យ​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ ទើប​ដឹង​ថា​ជា​ករណី​ដែល​កម្លាំង​សមត្ថកិច្ច​កំពុង​បង្ក្រាប​ករណី​ចាប់ជំរិត​រវាង​ជនជាតិ​ចិន​ និង​ជនជាតិ​ចិន​ ដោយ​មាន​លោក​ ពេញ​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ ជា​អ្នកសំរបសំរួល​និ​តី​វិធី​ផង​ដែរ​ ។​

​ក្រុម​ជនជាតិ​ចិន​ជា​អ្នក​ចាប់ជំរិត​មាន​អាវុធ​ បាន​បាញ់​មុន​ បន្ទាប់​មក​ក៏​បាន​គេចខ្លួន​ឡើង​ទៅ​លើ​អគារ​ ។​ ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្តម​ សៀង​ សុខ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ខេត្ត​ ធ្វើការ​បង្ក្រាប​ករណី​ខាងលើ​ ទទួល​បាន​លទ្ធផល​ ដូច​ខាងក្រោម​ ៖

​កន្លែង​កើតហេតុ​ ក្បែរ​ឆ្នេរសមុទ្រ​ ទីតាំង​ជា​អគារ​ មានកំ​ពស់​៩​ជាន់​ មាន​ជាន់​ខ្លះ​ជា​បន្ទប់​ Online​ ជុំវិញ​មាន​អគារ​ខ្ពស់ៗ​ជា​ច្រើន​ ។​ រក​ឃើញ​អាវុធ​លាក់​ទុក​ចំនួន​៧​ដើម​ ក្នុង​នោះ​អាវុធ​ខ្លី​៥​ដើម​ និង​វែង​២​ដើម​ និង​អាវ​ការពារ​គ្រាប់​ ។​ ជាមួយ​នោះ​ បាន​រក​ឃើញ​ និង​រំដោះ​ជន​រង​គ្រោះជា​ចំណាប់ខ្មាំង​ចំនួន​០២​នាក់​ជា​ជនជាតិ​ចិន​ ។​

​តាម​រយ​:​កិច្ចសហការ​ពី​ជន​រង​គ្រោះ​ សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ និង​ដោយ​មានការ​ឯកភាព​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់​ (​ស្រី​ ១​នាក់​ )​ ជា​ជនជាតិ​ចិន​ រួម​ទាំង​អាវុធ​ចំនួន​០៧​ ដើម​ បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សាកសួរ​ និង​កសាង​និ​តី​វិធី​បន្ត​ ៕

មតិយោបល់