ព័ត៌មានជាតិ

កម្លាំងនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចកាត់ខ្សែកាបអុបទិច

ភ្នំពេញ: នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំង ប៉ុស្ដិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃទី២ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចកាត់ខ្សែកាបអ៊ុបតិច នៅចំណុចមុខផ្ទះលេខ៤៣៤ ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ។

ជនសង្ស័យឃាត់ខ្លួនរួមមាន៖ ១- ឈ្មោះ ថា រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងវត្ដកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មុខរបរ រើសអេតចាយ (មានសារធាតុញៀន) ។ ២-ឈ្មោះ អ៊ុង ហឿន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែរ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ។

មុនពេលកកើតហេតុ ជនសង្ស័យរួមនឹងបក្ខពួកមានគ្នាចំនួន០៥នាក់ ជិះម៉ូតូ០២គ្រឿង ម៉ូតូ០១គ្រឿងម៉ាក scopy ពណ៌ក្រហម មិនចាំផ្លាកលេខ និងម៉ូតូ០១គ្រឿងទៀតម៉ាក wave ពណ៌ខ្មៅ មិនចាំផ្លាលេខ សណ្តោងរ៉ឺម៉ក ម្ដុំដីក្រហម ខណ្ឌទួលគោក គោលបំណងជិះដើររកលួចកាត់ខ្សែភ្លើង ពេលពួកក្រុមជនសង្ស័យ ជិះម៉ូតូមកដល់នៅចំណុចមុខផ្ទះលេខ ៤៣៤ ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានធ្វើសកម្មភាពឡើងកាត់ខ្សែភ្លើង ខណ:សមត្ថកិច្ចកំពុងល្បាតប្រទះឃើញ ក្រុមជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួន រហូតដល់ម្ដុំវត្ដកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ។ ចំណែកបក្ខពួកចំនួន០៣នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់ ។

វត្ថុតាងចាប់យក៖ ខ្សែកាបអ៊ុបតិច ប្រវែងប្រហែល២០ម៉ែត្រ ចំនួន០២កំណាត់ , កន្ត្រៃកាត់ដែក ចំនួន០១,កាំបិតចំនួន០១, ដង្កាប់ចំនួន ០១, ទុរវីសចំនូន០១ ។

បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់ រួមនឹងវត្ថុតាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់