ព័ត៌មានជាតិ

បង្ក្រាបបទល្មើស​គ្រឿងញៀន​ពីរ​កន្លែងផ្សេងគ្នា​ ឃាត់ខ្លួន​ជនសង្ស័យ០​៥​នាក់​ និងដកហូត​វត្ថុតាង១៦​កញ្ចប់​

​កណ្តាល:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២១​ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ បាន​បង្ក្រាប​បទល្មើស​ ជួញដូរ​ និង​ប្រើប្រាស់​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ចំនួន​២​ទីតាំង​ផ្សេង​គ្នា​ ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​ និង​ដកហូត​វត្ថុ​តាង​សរុប​មាន​៖​ ១-​គ្រឿងញៀន​ មេ​តំ​ហ្វេ​តា​មីន​ (Ice)​ ចំនួន​១៦​កញ្ចប់​ (​ធំ​ ០៦,​ តូច​ ១០​ )​ ទម្ងន់​សរុប​ ៦០១,៨៤​ ក្រាម​ ។​ ២-​ ទូរស័ព្ទ​ចម្រុះ​ ចំនួន​ ០៥​ គ្រឿង​ ។​ ៣-​ម៉ូតូ​ចំនួន​ ៥​គ្រឿង​ និង​៤-​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ មួយ​ចំនួន​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ គោលដៅ​ទី​១៖​ វេលា​ម៉ោង​១៤​ និង​០០​នាទី​ កម្លាំង​បាន​ចុះ​ទៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ ឈឺ​ន​ ផា​នី​ ភូមិ​តា​ពេទ្យ​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ឃាត់ខ្លួន​ជនសង្ស័យ​ ០៣​នាក់​ ៖

១-​ឈ្មោះ​ ង៉ែត​ យូ​ឡុ​ង​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើករថយន្ត​ មាន​ទីលំនៅ​ ភូមិ​តា​គោ​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ (​ជួញដូរ​ )​ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ ។​ ២-​ឈ្មោះ​ ឈឺ​ន​ ផា​នី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​ មាន​ទីលំនៅ​ភូមិ​តា​ពេទ្យ​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ (​ប្រើប្រាស់​ )​ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ ។​ ៣-​ឈ្មោះ​ ម៉ៃ​ គឹ​ម​ហឿ​ន​ ហៅ​រាជ​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បើកបរ​រថយន្ត​ មាន​ទីលំនៅ​ ភូមិ​តា​ពេទ្យ​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ (​ប្រើប្រាស់​)​ +​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ ។​

​គោលដៅ​ទី​២​ ៖​ នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​១៥​និង​៤០​នាទី​ កម្លាំង​បាន​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​ជួល​របស់​ឈ្មោះ​ សុខ​ គឹ​ម​សាក់​ ភូមិ​ស្លែង​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ ០២​នាក់​ ៖​

១-​ឈ្មោះ​ សុខ​លី​ ឆ​វ័​ន្ត​ ហៅ​ សាត​ វណ្ណ​ឌី​ ហៅ​ឌី​ ភេទ​ប្រុស​ អាយុ​ ៤៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ ប្រជា​ធម្ម​លិច​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ (​ មេ​បណ្តាញ​ជួញដូរ​ )​ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ ។​ ជនសង្ស័យ​រូប​នេះ​ ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​ ចំនួន​២​ឆ្នាំ​ ។​ ២-​ឈ្មោះ​ សុខ​ គឹ​ម​សាក់​ ភេទ​ស្រី​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្ម​ការី​នី​ មាន​ទីលំនៅ​ភូមិ​ ស្លែង​ដីដុះ​ ឃុំ​ព្រែក​តា​ទែន​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ស្លែង​ ឃុំ​ជ្រៃ​លាស់​ ស្រុក​ ពញាឮ​ ខេត្តកណ្តាល​ (​ ជួញដូរ​ )​ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ ។​

​លទ្ធផល​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ​-១៩​ លើ​ជនសង្ស័យ​ទាំង​០៥​នាក់​ បង្ហាញ​ថា​ អវិជ្ជមាន​ (​ -​ )​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​នឹង​វត្ថុ​តាង​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់