ព័ត៌មានជាតិ

បើកម៉ូតូលឿនជ្រុលបុករបងវត្តព្រែកប្រា បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់ម្នាក់

ភ្នំពេញ: កាលពីវេលាម៉ោង ១និង២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ បុរស ២នាក់ បើកម៉ូតូបុករបងវត្ត បណ្ដាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់ ត្រង់ចំណុចជាប់ខាងជើងវត្តព្រែកប្រា ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ហុងដាអាយខន ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 1AV-4271 បើកបរ និងរួមដំណើរដោយបុរស ២នាក់ (មិនស្គាល់អត្តសញ្ញាណ)។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសរងគ្រោះទាំងពីរនាក់ បើកបរម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោងដោយម៉ូតូរបស់ជនរងគ្រោះមានល្បឿនលឿនខ្លាំងពេក ធ្វើឲ្យកាច់ចង្កូតបត់មិនទាន់ ក៏ជ្រុលបុក និងរបងវត្តព្រែកប្រាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរងរបួសបែកក្បាលធ្ងន់ធ្ងរ ចំណែកឯម៉ូតូខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរបងវត្តមិនមានការខូចខាតអ្វីនោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងវាស់វែងយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំប្រគល់ឲ្យក្រុមគ្រួសារជនរងគ្រោះ ចំពោះសព រថយន្តដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រីឯអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់