ព័ត៌មានជាតិ

សង្ស័យស្នេហាត្រីកោណ! បុរសម្នាក់ដកកូនកាំបិតចុងស្រួចចាក់ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់០២នាក់

បន្ទាយមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីឃាតកម្មមួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ និង២នាក់ទៀតរងរបួសធ្ងន់ ខណ:ប្រភពនានាសង្ស័យថា បណ្តាលមកពីរឿងប្រចណ្ឌឬស្នេហាត្រីកោណ តែត្រូវសាច់ញាតិបដិសេធ ចំណែកឯសមត្ថកិច្ច ក៏មិនអាចសន្និដ្ឋាន ជារឿងអ្វីឲ្យពិតប្រាកដនោះដែរ ។ ករណីខាងលើនេះបានកើតឡើង នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទីទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅភូមិចាន់គិរី សង្កាត់​និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ អ្នកពាក់ព័ន្ធក្នុងហេតុការណ៍១.ឈ្មោះ ដោយ សារ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិចាន់គិរី សង្កាត់​និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់) នៅនឹងកន្លែង ។ ២.ឈ្មោះ អ៊ុំ ដានី ភេទស្រី អាយុ៣៦ឆ្នាំ ម្ចាស់ផ្ទះកើតហេតុ រស់នៅក្នុងភូមិចាន់គិរី សង្កាត់​និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (របួសធ្ងន់) ។ ៣.ឈ្មោះ ហុង សុភក្រ ហៅថុង ភេទប្រុស (ជនដៃដល់) រស់នៅក្នុងភូមិចាន់គិរី សង្កាត់​និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង៤.ឈ្មោះ សំរ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុង ភូមិចាន់គិរី សង្កាត់​និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រត់រួចទាន់ពេល) ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា៖ មុនកើតហេតុនៅម៉ោង១៨និង៣០នាទីថ្ងៃដដែល នៅតូបលក់ដូររបស់ស្ត្រីឈ្មោះ អ៊ុំ ដានី មានកាជួបជុំផឹកស៊ី មួយដោយអ្នកចូលរួមមានឈ្មោះ ដោយ សារ៉េត និងសំរ៉ា ។ នៅពេលបុរសទាំង២ កំពុងអង្គុយផឹកស៊ីនៅតូបស្ត្រីខាងលើ ស្រាប់តែជនសង្ស័យឈ្មោះ ហុង សុភក្រហៅ ថុង មិនដឹងដើរមកពីណា ហើយស្រែកឡាំប៉ារករឿង ដោយចោទស្ត្រីឈ្មោះ អ៊ុំ ដានីថា ម្តេចនាងឯងហ៊ានក្បត់ចិត្តក្បត់ថ្លើមអញ ខណ:នោះស្ត្រីរងគ្រោះក៏តបថា បងឯងគ្មានអីពាក់ព័ន្ធនិងខ្ញុំទេ និងប្រាប់ថាឈ្មោះ សំរ៉ា និងដោយសារ៉េតមកអង្គុយលេងទេ ។ បន្ទាប់ពីស្ត្រីនោះនិយាយចប់ ជនបង្កនិយាយថា អញនិងសម្លាប់ឲ្យងាប់ទាំងអស់ បន្ទាប់មកបានដកកូនកាំបិតចុងស្រួចដង ពណ៌ខ្មៅ ចេញពីក្នុងជើងខោខាងស្តាំចាក់លើឈ្មោះ សំរ៉ា តែឈ្មោះ ដោយ សារ៉េត បានលោតទៅឃាត់ក៏ត្រូវជនបង្ក ចាក់ត្រូវចំពោះជាច្រើនកន្លែង រត់ទៅដួលលើដងផ្លូវ និងស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត ។

ក្រោយបង្កទៅលើឈ្មោះ ដោយ សារ៉េត រួចជនដៃដល់បានស្ទុះទៅចាក់ស្ត្រីរងគ្រោះ ត្រូវចំពោះរបួសធ្ងន់បន្ទាប់មកជននេះ បានព្យាយាមប្រុងអារកខ្លួនឯង តែត្រូវអ្នកស្រុកនាំគ្នាឃាត់ទាន់ និងស្វាគមន៍ម៉ាទ្រមរបួសធ្ងន់លើផ្ទៃមុខ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរីទាំងស្ត្រីរងគ្រោះ ឈ្មោះ អ៊ុំ ដានី និងជនដៃដល់ផងដែរ ។

ជុំវិញករណីនេះប្រភពនានាបានលើកឡើងផ្សេងគ្នាៗ ខ្លះសង្ស័យថាជារឿងស្នេហាត្រីកោណ ខណ:ខ្លះថាអាចជារឿងប្រចណ្ឌខុសរឿង ពីសំណាក់ជនបង្កព្រោះធាតុពិតស្ត្រីរងគ្រោះ ត្រូវសាច់ញាតិអះអាងថា មានប្តីមានកូនត្រឹមត្រូវ ។ សាច់ញាតិស្ត្រីរងគ្រោះ បានប្រាប់តាមទូរស័ព្ទថា ធាតុពិតជនបង្កជាបុរសពោះម៉ាយកូន១នៅជិតផ្ទះជនរងគ្រោះដែរ ឯបុរសដែលស្លាប់ក៏នៅជិតគ្នា ។ សាច់ញាតិប្រាប់ទៀតថា ស្ត្រីរងគ្រោះមានប្តីនិងកូនប្រុសស្រី៣នាក់ ប៉ុន្តែបុរសជាប្តីជាប់ធ្វើការងារជាសន្តិសុខកាស៊ីណូមួយ នៅឯច្រកអន្តរជាតិអូរស្មាច់ខេត្តឧត្តរមានជ័យ ហើយថាពេលនេះបុរសជាប្តីកំពុងមើលថែប្រពន្ធ ក្នុងមន្ទីរពេទ្យទៀតផង ។

ចំណែកសមត្ថកិច្ចមិនទាន់ហ៊ានអះអាង ជាករណីអ្វីឲ្យប្រាកដទេ ទាក់ទងនឹងរឿងឃាតកម្មនេះ ព្រោះជនដៃដលត្រូវរងរបួសធ្ងន់ដេក នៅមន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុនផងដែរ ៕

មតិយោបល់