ព័ត៌មានជាតិ

Update៖ បុរសមានជំងឺប្រចាំកាយម្នាក់ ទៅដាក់បង្កៃដួលស្លាប់នៅវាលស្រែ ចោលប្រពន្ធកូនឲ្យនៅកំព្រា

ភ្នំពេញ: បុរសម្នាក់មានជំងឺប្រចាំកាយឆ្កួតជ្រូក បានទៅដាក់បង្កៃនៅវាលស្រែមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃសាលាសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយសង្ស័យជំងឺរើឡើងក៏បានដួលស្លាប់ផ្កាប់មុខ ។

សាកសពគាត់ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង០៨ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះរូបនោះឈ្មោះ វែង វៃ អាយុ២៨ឆ្នាំ មុខរបរកម្មករបុកគ្រឹះ មានប្រពន្ធឈ្មោះ គង់ ចន្ទី អាយុ២៨ឆ្នាំ ជាកម្មករកាត់ដេរ មានស្រុកកំណើតនៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ ខាងលើ ។

ប្រពន្ធគាត់បាននិយាយថា បុរសជាប្ដីមានជំងឺឆ្កួតជ្រូកប្រចាំកាយ ហើយកន្លងមកបានប្រកាច់ជាញឹកញាប់ ប៉ុន្តែត្រូវបានគាត់ និងអ្នកជិតខាងជួយទាន់ពេល ។ ហើយនៅវេលាយប់ថ្ងៃទី១៦ ខែកញ្ញា ក៏បានទៅដាក់បង្កៃនៅចំណុចកើតហេតុខាងលើ លុះដាក់រួចរាល់បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។ បន្ទាប់មកបានប្រាប់គាត់ថា ព្រឹកនឹងទៅមើលបង្កៃ ពេលនោះគាត់បានឃាត់ អត់ឲ្យទៅទេ ព្រោះនាងបារម្ភខ្លាចប្ដីមានគ្រោះថ្នាក់ ។

នាងបានរៀបរាប់ទៀតថា លុះវេលាម៉ោង០៦ព្រឹកព្រឹក ថ្ងៃកើតហេតុប្ដីបានជិះម៉ូតូចេញទៅបាត់ ចំណែកគាត់ក៏បានចេញទៅ ធ្វើការរោងចក្រដែរ ។ ក្រោយមកស្រាប់តែមានគេទៅប្រាប់ថា ប្ដីស្លាប់បាត់ទៅហើយទើបនាងចេញទៅមើល ឃើញប្ដីប្រាកដ ជាស្លាប់មែន ដែលសង្ស័យជំងឺរើឡើងទើបដួលស្លាប់បែបនេះ ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋានរាជធានី ភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យតាមជំនាញ រួចទើបប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់