ព័ត៌មានជាតិ

រថយន្តស្ទូចបើកលឿនជ្រុលទៅបុកពីក្រោយរថយន្តទ្រុង រួចរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ១គ្រឿងដឹកសសរគ្រឹះបានបើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកពីក្រោយរថយន្តទ្រុង ១គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតបែកស្តុប និងបួងចង្កូតគេច ក៏ជ្រុលទៅបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យជាប់ផុងទើបទៅមុខលែងរួច។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង២០នាទី រសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

រថយន្តបង្កខាងលើនោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-5642 បានបុកពីក្រោយរថយន្តទ្រុងដឹកទំនិញម៉ាក គា ពាក់ស្លាកលេខ ភ្នំពេញ 2AD-0561 ហើយអ្នកបើកបររថយន្តទាំង ២គ្រឿងពុំត្រូវបានស្គាល់អត្តសញ្ញាឡើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តទាំង ២គ្រឿង បានបើកបរធ្វើដំណើរស្របគ្នាក្នុងទិសដៅពីជើងទៅត្បូង ដោយរថយន្តទ្រុងបើកខាងមុខ ចំណែករថយន្តស្ទូចបើកតាមក្រោយក្នុងល្បឿនលឿន ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដោយសារតែរថយន្តទ្រុងបើកក្នុងល្បឿនមធ្យម ស្រាប់តែរថយន្តស្ទូចទៅដល់ទំនងជាន់ហ្រ្វាំងអត់ជាប់ក៏បុកពីក្រោយ និងគេចឡើងសួនច្បារពុះចែកទ្រូងផ្លូវតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ខណ:នោះបណ្ដាលឲ្យរថយន្តទ្រុងរងការខូចខាតផ្នែកខាងក្រោយ ចំណែករថយន្តបង្កពុំទាន់អស់ល្បឿនទៀត ក៏ជ្រុលទៅបុកឡើងលើសួនច្បារពុះចែកទ្រូងផ្លូវទើបទៅមុខលែងរួច។ ក្រោយពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ និងនគរបាលចរាចរណ៍ខណ្ឌកំបូល ចុះទៅធ្វើការវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុករង់ចាំការដោះស្រាយ៕

មតិយោបល់