ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូបើកលឿនជ្រុលបុករថយន្ត បណ្តាលឲ្យស្រ្តី៣នាក់រងរបួសធ្ងន់

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ត នៅចំណុចភូមិកំពង់ខ្ទុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ លើផ្លូវជាតិលេខ៥៥ បណ្តាលឲ្យមនុស្សស្រីចំនួន៣នាក់រងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះពិនិត្យដល់កន្លែងកើតហេតុ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-4683 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ អ៊ុក នឿន ភេទប្រុសអាយុ ៤៣ ឆ្នាំ រស់នៅក្នុងភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបើកមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងចូលទៅដឹកខ្សាច់ លុះបត់ចូលដល់ផ្លូវលំ ក្រាលក្រួសក្រហម ជិតនឹងផុតពីផ្លូវក្រាលកៅស៊ូ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-9580 ធ្វើដំណើរពីកើតទៅលិចស្របទិសគ្នា បើកបរដោយឈ្មោះ គន ចាន់ នឿន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិអូរឫស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដោយបានឌុបមនុស្សស្រី២នាក់ ក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយខាងលើ ចំកង់រថយន្តពីខាងក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់ ស្រ្តីដែលជាអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរចំនួន២នាក់ទៀត ៖

១- ឈ្មោះ អែត សុខលី ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ រងរបួសធ្ងន់ ។
២-ឈ្មោះ ឈន យ៉េង ភេទស្រី អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិព្រៃរោ ឃុំតាលោ ស្រុកតាលោសែនជ័យ រងរបួសធ្ងន់ ។
ក្រោយពីកើតហេតុ គេបានបញ្ជូនជនរងគ្រោះទាំងបីនាក់ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍ បានចុះទៅពិនិត្យ និងធ្វើការវាស់វែងរួច ហើយបានសន្និដ្ឋានថា ករណីគ្រោះចរាចរណ៍នេះកើតឡើង បណ្តាលមកពីកត្តាល្បឿន និងខ្វះការប្រុងប្រយ័ត្ន ។ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចនគរបាលយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

មតិយោបល់