ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តបុកម៉ូតូឆ្លងផ្លូវ បណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តឡិចស៊ីស RX-330 មួយគ្រឿងដែល បើកបរដោយបុរសម្នាក់ បានជ្រុលទៅបុកពីក្រោយម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ មួយគ្រឿង កំពុងបត់ឆ្លងផ្លូវ បណ្ដាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ធ្ងរ ។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីវេលាម៉ោង០៣និង២០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ នៅលើកំណាត់ ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិស្រែញរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តម៉ាកឡិចស៊ីស RX-330 មួយគ្រឿងនោះ ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2AW-6395 បើកបរដោយបុរសម្នាក់ ។ ចំណែកម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GX-4076 បើកបរដោយស្រ្តីម្នាក់ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកបរ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូស្រ្តីរងគ្រោះ ដែលបើកបរក្នុងទិសដៅពីជើងទៅត្បូង ហើយបត់ឆ្លងផ្លូវ ។ ខណ:នោះគេចអត់ទាន់ ក៏បានបុកពីក្រោយម៉ូតូពេញទំហឹង បណ្ដាលឲ្យស្ត្រីរងគ្រោះ រងរបួសធ្ងន់ធ្ងរតែម្ដង ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ពងទឹក និងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅកាន់កន្លែងកើតហេតុ ហៅរថយន្តសង្រ្គោះដឹកស្រ្តីរងគ្រោះ ទៅកាន់មន្ទីរពេទ្យរួចធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយ ៕

មតិយោបល់