ព័ត៌មានជាតិ

Update៖ បុរសម្នាក់ជាប្រធានផ្នែកទីផ្សារក្រុមហ៊ុនឯកជនមួយកន្លែង ជិះម៉ូតូចេញពីផ្ទះទៅធ្វើការ ត្រូវរថយន្តបុកស្លាប់ចោលប្រពន្ធ និងកូន ៣នាក់

ភ្នំពេញ: នៅវេលាម៉ោង ៧និង១៥នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំណុចតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FR-7041 បើកដោយជនរងគ្រោះឈ្មោះ ជឹម ចន្ថា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ប្រធានផ្នែកទីផ្សារក្រុមហ៊ុនឯកជនមួយកន្លែង មានប្រពន្ធ និងកូន ៣នាក់ (ស្លាប់នៅកន្លែងកើតហេតុ) ចំណែករថយន្តបង្កជាប្រភេទកុងតឺន័រ ក្រោយពីកើតហេតុបើករត់គេចខ្លួនបាត់។

ដំណើររឿង៖ តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុរវាងរថយន្ត និងម៉ូតូបើកបរស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាយឲ្យជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង។

សូមបញ្ជាក់៖ ករណីនេះ ជនរងគ្រោះបានជិះម៉ូតូចេញពីនៅខណ្ឌកំបូល ដើម្បីទៅធ្វើការ។

បច្ចុប្បន្ន សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូជនរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់