ព័ត៌មានជាតិ

Update៖ ករណីឆ្លងចរន្តអគ្គិសនីឆាបឆេះផ្សារដំបូលខៀវ ខូចខាតចំនួន ៦តូប និងសម្ភារៈទាំងស្រុង

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆាបឆេះចំណុចផ្សារដំបូលខៀវ បំផ្លាញតូបលក់ដូរអស់ចំនួន ៦តូប និងសម្ភារ:ក្នុងតូបអស់ទាំងស្រុង តាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីលោក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លោកឧកញ៉ា កាំង ឡេង ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ អគ្គនាយកផ្សារ ដែលមានអ្នកគ្រប់គ្រងផ្សារឈ្មោះ សុង គឹមហួរ ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផ្សារ ចំពោះមូលហេតុ នៃការឆាបឆេះ គឺបណ្តាលមកពីការ ឆ្លងចរន្ដអគ្គិសនីឆេះផ្សារទំហំ បណ្តោយ២០០ម៉ែត្រ ទទឹង១២ម៉ែត្រ ឆេះអស់តូបចំនួន ៦តូប ថ្មប្រក់ស័ង្កសី និងសម្ភារ:ក្នុងតូបអស់ទាំងស្រុង ពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ប្រតិបត្តិការសង្គ្រោះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន ២៤គ្រឿង ប្រើប្រាស់ទឹកអស់ ២៣ឡាន ស្មើរនឹង ៩២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប , រថយន្ត របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុន ISI ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១និង១០នាទីយប់រំលងអធ្រាត្រ នាថ្ងៃដដែរ៕

មតិយោបល់