ព័ត៌មានជាតិ

Update៖ ផ្ទះលក់កុំព្យូទ័រ ១ខ្នង ត្រូវអគ្គិភ័យឆាបឆេះ និងរាលដាលដល់ផ្ទះ ៣ខ្នងទៀត ផ្អើលសមត្ថកិច្ចចេញរថយន្ត ២០គ្រឿងបាញ់ទឹកពន្លត់

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង៥៥នាទីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ស្ថិតតាមបណោ្តយផ្លូវសហព័ន្ធរុស្ស៊ី ជាប់ផ្លូវរថភើ្លងក្រុមទី៣១ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះឈ្មោះ ហេង លីគន្ធ ភេទស្រី អាយុ ៣៥ឆាំ្ន មុខរបរ ម្ចាស់ផ្ទះជួល បច្ចុប្បន្នជួលទៅឲ្យឈ្មោះ មាស ប៊ុនសល់ ភេទប្រុស អាយុ ៣២ឆាំ្ន មុខរបរ លក់កុំព្យូទ័រ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញមានអណ្ដាតភ្លើងឆេះហុយខ្មួលខ្មាញ់ ចេញពីផ្ទះលក់កុំព្យូទ័រ បង្កជាអណ្ដាតភ្លើងឆេះរាលដាលដល់ផ្ទះនៅជាប់ៗ គ្នាចំនួន ៣ខ្នងបន្ថែមទៀត បណ្តាលឲ្យខូចខាតស្ទើរតែទាំងស្រុង និងសម្ភារ:ក្នុងផ្ទះមួយចំនួន។

ខូចខាតផ្ទះចំនួន ៤ខ្នងស្ទើរតែទាំងស្រុង ប្រក់សង្ក័សីទំហំ ៤គុណ៤៥ម៉ែត្រ មិនមានមនុស្សរងរបួសទេ ពន្លត់ចប់នៅវេលាម៉ោង ១១និង២៥នាទីយប់ថ្ងៃខែដដែល។

ប្រតិបត្តិការនេះ សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ២០គ្រឿង ប្រើទឹកអស់ ៣០ឡាន ស្មើនឹង ១២០ម៉ែត្រគូប។

ចំពោះមូលហេតុដែលបង្កឲ្យមានអណ្ដាតភ្លើងឆាបឆេះនេះ សមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា សមត្ថកិច្ចកំពុងស្រាវជ្រាវ៕

មតិយោបល់