ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីយកដុំថ្មគប់ទៅលើសមត្ថកិច្ច

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃ​ចន្ទ ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ករណីហិង្សារដោយចេតនា លើសមត្ថកិច្ចវេលាម៉ោង១៦និង៤៥នាទី ចំណុចផ្លូវជាតិលេខ៦A ខាងជើងរោងចក្រអេសខេ (S.K) ភូមិលើ ឃុំព្រែកអញ្ចាញ ស្រុក​មុខ​កំពូល​ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ផុន សុផាត ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ មានទីលំនៅសព្វថ្ងៃ ភូមិព្រែកឫស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ជនសង្ស័យឈ្មោះ ម៉ាន សូទី អវិជ្ជមានកូវីដ១៩ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ។

វត្ថុតាងចាប់យក៖ ដុំថ្មចំនួន ០១ ដុំ ។

ជនសង្ស័យជាមុខសញ្ញាញៀនថ្នាំ ហើយកន្លងមកជនសង្ស័យ ធ្លាប់អុកឡុកក្រុមគ្រួសារ និងអ្នកជិតខាងជាញឹកញាប់ និងធ្លាប់យកពូថៅទៅគំរាមយកលុយ អ្នកជិតខាងផងដែរ ។ លុះនៅថ្ងៃទី ២០.០៩.២០២១ វេលាម៉ោង១៣និង៤០នាទី ជនរងគ្រោះ និងកងកម្លាំងសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ចំនួន០៧នាក់ បានចុះទៅបំពេញការងារ នៅចំណុចកើតហេតុខាងលើ រហូតដល់វេលាម៉ោង ១៦និង៤៥ នាទី ពេលកម្លាំងសមត្ថកិច្ចកំពុងឈរបំពេញការងារ ស្រាប់តែឃើញជនសង្ស័យ យកដុំថ្ម គប់ទៅលើរថយន្តអ្នកធ្វើដំណើរតាមផ្លូវ ប្រភេទពីរបាំង បណ្ដាលឱ្យត្រូវឃ្លុបខាងក្រោយចំនួន០១ដុំថ្ម តែម្ចាស់រថយន្តមិនឈប់ ក៏ធ្វើដំណើរទៅបាត់ ។
បន្ទាប់មកជនសង្ស័យក៏បានយកដុំថ្ម គប់មកលើជនរងគ្រោះ និងសមត្ថកិច្ចដែលកំពុងបំពេញការងារ នៅទីនោះថែមទៀត ពេលនោះជនរងគ្រោះ ក៏បានទៅសួរជនសង្ស័យថា អាអូនអ្ហែងគប់អី ជនសង្ស័យក៏បានឆ្លើយថា អញគប់ក្បាលពួកអាប៉ូលិសអ្ហែងហ្នឹង និយាយហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ ។

បន្ទាប់មកសមត្ថកិច្ចក៏បានតាមរកជនសង្ស័យ រហូតដល់ម៉ោង១៧និង៤០ នាទី ទើបសមត្ថកិច្ចរកឃើញជនសង្ស័យ ហើយក៏បានឃាត់ខ្លួនយកមកអធិការដ្ឋាន នគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើរថយន្តអ្នកធ្វើដំណើរតាមផ្លូវ និងសមត្ថកិច្ចពិតមែន ។

ចំពោះជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ។ ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់