ព័ត៌មានជាតិ

ស្រ្តី ២នាក់ រងរបួសធ្ងន់ ខណៈជិះម៉ូតូបុកពីក្រោយរថយន្តខូច កំពុងឈប់ជួសជុលតាមផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យស្រ្តី ២នាក់ បានរងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយពេលពួកគាត់ជិះម៉ូតូ ១គ្រឿងបុកពីក្រោយរថយន្តយីឌុបមួយគ្រឿង ដែលខូចហើយកំពុងឈប់ស្ងៀមធ្វើការជួសជុលនៅតាមផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តយីឌុប ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-8047 បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែខូចហើយក៏ឈប់ស្ងៀមធ្វើការជួសជុលនៅលើផ្លូវនោះ។ លុះដល់ពេលកើតហេតុស្រ្តីរងគ្រោះទាំង ២នាក់នោះ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1T-6505 ធ្វើដំណើរក្នុងទិសដៅស្របគ្នាទៅដល់បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូគាបជាប់ពីក្រោយរថយន្ត ហើយស្រ្តី ២នាក់នោះរងរបួសធ្ងន់។

ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះទាំង ២នាក់នេះ ពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ពួកគាត់បានមកលេងបងប្អូននៅភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ។ ក្រោយពេលដេក១យប់នៅវេលារសៀលថ្ងៃកើតហេតុ បានជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះនៅឯខេត្តតាកែវវិញ ដោយបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយរថយន្តយីឌុបនោះ ពីក្រោយពេញទំហឹងតែម្ដង ហើយត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់។

ក្រោយកើតហេតុនគរបាលខណ្ឌកំបូល ក៏បានចុះទៅធ្វើការវាស់វែងនាំយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយគ្នាតាមច្បាប់៕

មតិយោបល់