ព័ត៌មានជាតិ

ឃាត់ខ្លួនបុគ្គលិកកាស៊ីណូនិងបក្ខពួកចំនួន០២នាក់ ករណីជិះម៉ូតូធ្វើសកម្មភាពឆក់កាបូប

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃព្រហស្បត្តិ៍​ ០២រោច​ ខែ​ភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធ​ស័ករាជ២៥៦៥ ​ត្រូវ​នឹង​ថ្ងៃ​ទី២៣ ខែកញ្ញា​ ឆ្នាំ​២០២១ មានករណី​លួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) លើផ្លូវជាតិ២១​ ខាងមុខស្នាក់ការអគ្គិសនី​ អានកូ​ ស្ថិត​ក្នុង​ភូមិ​ជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ ។

ជនរងគ្រោះ​ឈ្មោះ​ ឃាង​ ស្រី​ណាត​ ភេទស្រី​ អាយុ​២៦ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ព្រែក​ស៊ឹង​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ មុខរបរ​កម្មករ ​។ ជនសង្ស័យ​០២នាក់ (ឃាត់ខ្លួន​) ៖ ១–ឈ្មោះ​ ស្រ៊ុយ​ លីហេវ​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិ​កំពង់​ថ្កុល​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ មុខរបរ​មិនពិតប្រាកដ ​(មានសារធាតុញៀនក្នុងទឹកនោម​ វិជ្ជមាន​(+)​ និង​បានធ្វើតេស្ដរហ័សរកវីរុស​កូវីដ​-១៩​ អវិជ្ជមាន ​(-) ។ ២–ឈ្មោះ​ សុខ​ ចិត្រា​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ព្រែក​ស៊ឹង​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ មុខរបរ​ បុគ្គលិកកាស៊ីណូ​ មានសារធាតុញៀនក្នុងទឹកនោម​វិជ្ជមាន​(+)​ និង​បានធ្វើតេស្ដរហ័សរកវីរុស​កូវីដ​-១៩​ អវិជ្ជមាន ​(-) ។

វត្ថុ​តាងដកហូតរួមមាន៖ ១–ម៉ូតូចំនួន​ ០១គ្រឿង​ ម៉ាក​ Honda​Dream​ C125​ ពណ៌ខ្មៅ​ ពុំពាក់ស្លាកលេខ​ មានលេខតួ​ និងលេខម៉ាស៊ីន​ ៥២៨៨៧៩៨ ។ ២–ស្លាកលេខ​ម៉ូតូចំនួន​ ០១​ មានលេខ​កណ្ដាល ​1AA-2605 ។ ៣–កន្ត្រៃ(ដែក)​ ចំនួន០១។
៤–ដង្កាប់​ ចំនួន០១ ។ ៥–កូនសោចំនួន​ ០៤ដើម ។ ៦–ដុំសាកថ្ម​ KONFULON ចំនួន​០១ ។ ៧–ទូរស័ព្ទ​ដៃ​ ចំនួន​០៣គ្រឿង​ មាន:
–ម៉ាក​ Redmi ០១គ្រឿង​។ -Nokia ចុចពិល​ ០១គ្រឿង​ ។ –ម៉ាក​ Iphone 7plus​ ពណ៌​ផ្កាឈូក​ ០១គ្រឿង (បានប្រគល់ជូន ជនរងគ្រោះវិញ) ។

កាលពីថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលាម៉ោង​២៣​ និង​ ៥០នាទី​ ជនរងគ្រោះ​ ឃាង​ ស្រី​ណាត​ បានជិះម៉ូតូតែម្នាក់ឯង ចេញពីកន្លែងធ្វើការវិញ​ មកដល់ចំណុចខាងមុខស្នាក់ការអគ្គិសនីអានកូ​ ស្ថិត​ក្នុង​ភូមិ​ជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ ក៏ត្រូវ​បានជនសង្ស័យ​០២នាក់ ភេទប្រុស ​ជិះម៉ូតូ​០១គ្រឿង​ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី​ឆ្នាំ​២០១៨​ គ្មានស្លាកលេខ​ មកដល់ឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះ​ យកទៅបាត់​តែម្ដង​ បណ្ដាលឲ្យជនរងគ្រោះ ដួលម៉ូតូរងរបួសស្រាលត្រង់ជើង ហើយ​ក្នុង​កាបូប​នោះ​មានទូរស័ព្ទដៃ០១គ្រឿង​ ម៉ាកIphone 7plus ពណ៌ ផ្កាឈូក ,ប្រាក់​រៀលចំនួន​ ០២ម៉ឺន​រៀល​ ប័ណ្ណ​ចាក់វ៉ាក់សាំងកូវីដ–១៩​ ០១សន្លឹក​ ។

លុះព្រឹកថ្ងៃទី២០​ ខែកញ្ញា​ ឆ្នាំ​២០២១​ ជនរងគ្រោះ​ ក៏បានមកដាក់ពាក្យបណ្ដឹង​នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសំពៅពូន ។ ក្រោយទទួលបានបណ្ដឹងភ្លាម​ ​កម្លាំងនគរបាលប៉ុស្ដិ៍បានចុះស្រាវជ្រាវដល់កន្លែងកើហេតុ​ យ៉ាងយកចិត្តទុកដាក់​ រហូតកំណត់មុខសញ្ញាសង្ស័យបាន០២នាក់ឈ្មោះ​ សុខ​ ចិត្រា​ ភេទប្រុស​ និងឈ្មោះ​ ស្រ៊ុយ​ លីហេវ​ ភេទប្រុស​ ។ រហូតនៅព្រឹកថ្ងៃទី២៣​ ខែឆ្នាំដដែល​ កម្លាំងនគរបាលប៉ុស្ដិ៍សំពៅពូន​ បានចុះដល់ផ្ទះជនសង្ស័យទាំង០២នាក់ខាងលើ​ រួចហៅមកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកកោះធំតែម្ដង ។

​នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ​ទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពជាមួយគ្នាឆក់​ យកកាបូបលុយរបស់នារីម្នាក់​ កាលពីយប់ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ​២០២១​ នៅចំណុចលើផ្លូវជាតិ២១​ ខាងមុខកន្លែងស្នាក់ការអគ្គិសនីអានកូ​ ស្ថិត​ក្នុង​ភូមិ​ជ្រៃធំ​ ឃុំសំពៅពូន​ ស្រុកកោះធំ​ ខេត្តកណ្ដាល​ បានសម្រេចពិតមែន​ ដោយបានយកប្រាក់ចែកគ្នា​ ហើយយកទូរស័ព្ទដៃទៅលក់ឱ្យគេ​ បានប្រាក់មកចែកគ្នាទៀតផង​ ចំណែកកាបូប​ស្ពាយនោះ​ពួកគេបានយកទៅបោះចោលក្នុងទឹកព្រែកបាត់ទៅហើយ ។

បច្ចុប្បន្ន​ជនសង្ស័យ​ និងវត្ថុតាង ត្រូវ​បានឃាត់​ និង​រក្សា​ទុក​នៅ​អធិការដ្ឋាននគរបាលស្រុកកោះធំ​ ដើម្បីកសាងសុំណុំរឿងចាត់ការតាមច្បាប់​ ចំណែកទូរស័ព្ទដៃ០១គ្រឿង​ ម៉ាកIphone​ 7plus ត្រូវ​បានដកហូតប្រគល់ជូនជនរងគ្រោះវិញហើយ ៕

មតិយោបល់