ព័ត៌មានជាតិ

បុរសម្នាក់បាត់ពីផ្ទះចំនួន០៣ថ្ងៃ ត្រូវបានអ្នកឃ្វាលគោប្រទះឃើញសពអណ្តែកទឹក

កណ្តាល: នៅថ្ងៃច័ន្ទ ០៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣ និង ៤០នាទី មានករណីបុរសម្នាក់បាត់ពីផ្ទះចំនួន០៣ថ្ងៃ ត្រូវបានអ្នកឃ្វាលគោ ប្រទះឃើញសាកសពអណ្តែតទឹក ត្រង់ចំណុចអូរយួន ស្ថិតក្នុងភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ឌុល ម៉ារី ហៅចិន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ( មានសតិមិនគ្រប់ ) ។

សភាពរឿងហេតុ៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៤និង០៥នាទីទៀបភ្លឺ តាមការបំភ្លឺរបស់ឈ្មោះ ឌុល ម៉ារ៉ាត់ ភេទស្រី អាយុ៤២ ឆ្នាំ ជនជាតិខ្មែរ ត្រូវជាបងបង្កើតរបស់សពឈ្មោះ ឌុល ម៉ារី ហៅចិន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានបំភ្លឺថា បងប្រុសរបស់គាត់បានងើបពីដេក ហើយដើរចុះពីលើផ្ទះមកខាងក្រោមផ្ទះ តែមិនដឹងដើរទៅណាទេ ។

រហូតដល់វេលាម៉ោង០៦ និង១០នាទី ថ្ងៃ ខែ ឆ្នាំដដែល នៅតែមិនឃើញប្អូនប្រុសរបស់ខ្លួនត្រឡប់មកផ្ទះវិញ បន្ទាប់មកបងប្អូន ក្រុមគ្រួសារសព បាននាំគ្នាដើររកតែរកមិនឃើញ ។ លុះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣និង៤០នាទី អ្នកឃ្វាលគោ ម្នាក់ឈ្មោះ ហ៊ន ឌឿន ហៅដូស ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទៅផ្លាស់ នឹងយកសត្វគោឲ្យផឹកទឹក បឹងអូរយួន ក៏ប្រទះឃើញសាកសពឈ្មោះ ឌុល ម៉ារី ហៅចិន ភេទប្រុស អាយុ៣២ឆ្នាំ ហើយឈ្មោះ ហ៊ន ឌឿន ហៅដូស ភេទប្រុស បានមកប្រាប់បងស្រីរបស់ខ្លួនឈ្មោះ កុយ សុខឌឿន ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ឲ្យទៅប្រាប់បងប្អូនសពឈ្មោះ ឌុល ម៉ារី ហៅចិន ភេទប្រុស ថាខ្លួនបានឃើញសពរបស់ឈ្មោះ ឌុល ម៉ារី ហៅចិន ភេទប្រុសអណ្តែតទឹកស្លាប់នៅក្នុងបឹងអូរយួរក្រោយភូមិ ។

ក្រោយពេលបងប្អូនគ្រួសារសពបានទៅមើលក៏ឃើញសាកសព ឈ្មោះឌុល ម៉ារី ហៅចិន ភេទប្រុសពិតមែន ហើយក៏បានរាយការណ៍ ជូនអាជ្ញាធរភូមិឃុំ និងរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលភូមិធំ ក្រោយពីទទួលបាន ព័ត៌មានភ្លាមកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំ សហការជាមួយកម្លាំងជំនាញកោសល្យវិច្ច័យ ពិនិត្យហេតុ អាជ្ញាភូមិ ឃុំ នឹងគ្រូពេទ្យឃុំភូមិធំ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសាកសព ។

ក្រោយពេលកម្លាំងជំនាញពិនិត្យហេតុបានពិនិត្យសពឈ្មោះ ឌុល ម៉ារី ហៅចិន ភេទប្រុស រួចឃើញថា សាកសពពិតជាស្លាប់ ដោយលង់ទឹកស្លាប់ពិតមែន ។ សាកសពឈ្មោះ ឌុល ម៉ារី ហៅចិន ភេទប្រុស បានប្រគល់ជូនក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់