ព័ត៌មានជាតិ

ជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម ត្រូវនគរបាលធ្វើការបង្ហាញមុខជាសាធារណៈ

ភ្នំពេញ: កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណី លួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម ដែលបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ។
ការបង្ហាញមុខជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ មុននឹងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃដដែល។

លោក អ៊ឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក កម្លាំងនគរបាលជំនាញនគរបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជាបន្តបន្ទាប់។

លោកបន្តឲ្យដឹងទៀតថា នៅមុនពេលឈានដល់ការឃាត់ខ្លូនជនសង្ស័យទាំង ៦នាក់ នោះគឺ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូកង់បី ឥណ្ឌា (passapp) ពណ៌លឿង ដែលជាមធ្យមបាយធ្វើដំណើរ បានធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ប្រជាពលរដ្ឋចតរថយន្តទុកនៅមុខផ្ទះពេលរាត្រី នៅមូលដ្ឋានសង្កាត់បឹងរាំង បានសម្រេច ត្រូវបានជនរងគ្រោះមកដាក់ពាក្យបណ្ដឹង រួចមន្រ្តីជំនាញនៃអធិការដ្ឋាននគរបាលដូនពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមទាំងវត្ថុតាងស្លាកលេខរថយន្ត និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។

ក្រោយការសាកសួរ មន្រ្តីនគរបាលជំនាញ បានស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ទៀត ដែលជាអ្នកសមគំនិតលួចនិងអ្នកលួច រួចបន្តស្រាវជ្រាវ រហូតឃាត់បានម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម នៅម្ដុំស្ពានដែក មូលដ្ឋានសង្កាត់ដង្កោ ខណ្ឌខណ្ឌដង្កោ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់