ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ងត៍ បើកបត់ស្ដាំខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យកៀរ lexus ស៊េរីទំនើប រងការខូចខាត

ភ្នំពេញ: រថយន្តក្រឡុកស៊ីម៉ងត៍ឡើងវ៉ារួចបត់ស្ដាំ ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យកៀរថយន្តសេរីទំនើបមួយគ្រឿងម៉ាក lexus nx200t ខូចខាតមួយចំហៀងរថយន្ត តែសំណាងល្អមិនបណ្ដាលឲ្យមានរបួស ដល់មនុស្សឡើយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤និង១៥នាទីល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តសេរីទំនើប ម៉ាក Lexus NX200t ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-7891 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៣០ ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ចំណុចស្តុប កែងមហាវិថីព្រះនរោត្តម បានឈប់ស្តុប ហើយស្របពេលនោះក៏មានរថយន្តធុនធំ ក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A-3035 ធ្វើដំណើរស្របទិសគ្នា ខណ:ភ្លើងស្តុប ពណ៌បៃតង រថយន្តទាំងពីរបន្តដំណើរទៅមុខ ស្រាប់តែរថយន្តក្រឡុកស៊ីម៉ងត៍នៅខាងឆ្វេង ឡើងបត់ស្ដាំ បានកៀរថយន្ត Lexus NX200t នោះបណ្ដាលឲ្យខូចខាត អស់មួយចំហៀងរថយន្តតែម្ដង ។

ភ្លាមៗនោះសមត្ថកិច្ចចុះមកសម្របសម្រួល និងធ្វើការសម្រួលចរាចរណ៍ជៀសវាង បង្កការកកស្ទះចរាចរណ៍ ដើម្បីឲ្យភាគីទាំងពីរ ធ្វើការសម្រួលគ្នាតែសម្រួលមិនត្រូវ ក៏បានធ្វើការទំនាក់ទំនង ទៅនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំយករថយន្តទាំង២គ្រឿងទៅរក្សារទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់