ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់រងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ត

ប៉ៃលិន: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលម៉ោង ១៩និង១០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយរថយន្ដ បើកបរបញ្រ្ចាសទិសគ្នា​ ១ករណី នៅចំណុច ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (នៅមុខវត្តអូររអិល) បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ចំនួន ០១នាក់ខូចខាតម៉ូតូស្រាលចំនួន០១គ្រឿង និងរថយន្តស្រាលចំនួន ០១គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងថា ភាគីបើកបររថយន្តមានឈ្មោះ ស៊ឺន អក្ខរាពិវឌ្ឍន៍ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ អាជីវករ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន បើកបររថយន្ដ ម៉ាក Ford Ranger ស៊េរីឆ្នាំ២០១៩ ពណ៌ ទឹកក្រូច ពាក់ស្លាកលេខ ប៉ៃលិន 2B-9988 គ្មានរបួស ។

ភាគីបើកបរម៉ូតូមានឈ្មោះ ផា ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កម្មកររស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបើកបរម៉ូតូម៉ាក Honda Dream 2017 ពណ៌ខ្មៅពាក់ស្លាកលេខ ប៉ៃលិន 1C-2354 របួសធ្ងន់ បាក់ខ្មោងជើងខាងស្ដាំ។

មូលហេតុ បណ្តាលមកពីកត្ដាមនុស្សបើកបរ បត់ឆ្វេងដោយមិនប្រុងប្រយ័ត្ន បណ្ដាលឲ្យមានគ្រោះថ្នាក់ បច្ចុប្បន្នករណីខាងលើនេះ ត្រូវបានជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ​នៃស្នងការដ្ឋា​ននគរបាលខេត្តប៉ៃលិន បានដកហូតម៉ូតូ និងរថយន្តមករក្សាទុកនៅការិយាល័យនគរបាលចរាចណ៍ផ្លូវគោករង់ចាំការដោះស្រាយ៕

មតិយោបល់