ព័ត៌មានជាតិ

ក្លាហានមែន! នារីម្នាក់ជិះម៉ូតូដេញតាមជនសង្ស័យឆក់ទូរស័ព្ទ ត្រូវសន្តិសុខយាមនៅបុរីជួយឃាត់ខ្លួនបាន

ភ្នំពេញ: នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទីព្រឹក មានករណីជនសង្ស័យម្នាក់ បានជិះម៉ូតូធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃនារីម្នាក់កំពុងជិះម៉ូតូបានសម្រេច ត្រូវម្ចាស់ជិះដេញតាម មកដល់បុរីមួយកន្លែងសន្តិសុខយាមជួយឃាត់ខ្លួនបាន ទីតាំងស្ថិតនៅមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះ ភេទស្រី មិនស្គាល់អត្តសញ្ញាណ ។ ចំណែកជនសង្ស័យឈ្មោះ អុន ពេជ្រ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខឯកជន ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Lets ពណ៌ស ទុកទូរស័ព្ទដៃ ម៉ាក iPhone-១១ Pro Max (មិនចាំពណ៌) ក្នុងឃ្លុបម៉ូតូក្រោមដៃចង្កូត ។ ពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១AZ-៥០២៥ មកពីក្រោយអែបខាងស្តាំ ឆក់ទូរស័ព្ទដៃជនរងគ្រោះបានសម្រេចជិះគេចខ្លួន ។ ពេលនោះជនរងគ្រោះជិះតាមពីក្រោយស្រែកចោរៗ មកដល់ខ្លោងទ្វារបុរីប៉េងហួត ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ក៏ត្រូវបានសន្តិសុខបុរីប៉េងហួត ជួយឃាត់បានជនសង្ស័យ រួមនឹងទូរស័ព្ទដៃ ជនរងគ្រោះ និងម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ។ ពេលនោះជនរងគ្រោះក៏យកទូរស័ព្ទដៃរបស់ខ្លួន ជិះម៉ូតូចេញទៅបាត់ រួចសន្តិសុខក៏នាំខ្លួនជនសង្ស័យ និងវត្ថុតាងម៉ូតូ០១គ្រឿង ប្រគល់ឲ្យសមត្ថកិច្ច ។ រីឯជនរងគ្រោះ សមត្ថកិច្ចកំពុងស្វែងរកមកដាក់ពាក្យបណ្តឹង តែរកពុំទាន់ឃើញ ។ លទ្ធផលធ្វើតេស្តទឹកនោម៖ អវិជ្ជមាន (គ្មានសារធាតុញៀន) ៕

មតិយោបល់