ព័ត៌មានជាតិ

រថយន្តសណ្ដោងរ៉ឺម៉កដឹកកុងតឺន័រ របូតកង់បោលបុកឡិចស៊ីស RX-300 បណ្តាលឲ្យរងការខូចខាត

ភ្នំពេញ: រថយន្តសណ្ដោងកន្ទុយរ៉ឺម៉កដឹកកុងតឺន័រ១គ្រឿង ខណ:ពេលកំពុងបើកបរសុខៗ ស្រាប់តែរបូតកង់ក្រោយ២គ្រាប់ ហើយរមៀលបោលទៅបុកជាមួយរថយន្តម៉ាកឡិចស៊ីស RX-300 មួយគ្រឿងទៀត ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវ៣០ម៉ែត្រ កែងផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ព្រំប្រទល់ជាមួយខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រថយន្តបង្កខាងលើ ម៉ាកហ៊ីណូ ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ 3C-3856 សណ្ដោងកន្ទុយរ៉ឺម៉ក សម្រាប់ដឹកកុងតឺន័រ បើកបរដោយបុរសម្នាក់ ។ ចំណែករថយន្តរងគ្រោះម៉ាកឡិចស៊ីស RX-300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2X-9158 បើកបរដោយបុរសម្នាក់ដូចគ្នា ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តសណ្ដោងខាងលើ បានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ ចំណែកឯរថយន្តឡិចស៊ីស បើកបរក្នុងទិសដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តសណ្ដោងរបូតកង់ក្រោយ២គ្រាប់ ។ ជាហេតុធ្វើឲ្យកង់រថយន្តនេះរមៀល ទៅបុកចំមុខរថយន្តឡិចស៊ីស រងការខូចខាតយ៉ាងដំណំ ។ ក្រោយពេលកើតហេតុនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅកាន់ទីនោះហើយឲ្យភាគីទាំង២ សម្របសម្រួលគ្នាបញ្ចប់រឿង ៕

មតិយោបល់