ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ករណីឡើងលើផ្ទះចាប់ឱបពីក្រោយនារីរងគ្រោះ ប៉ុនប៉ងរំលោភសេពសន្ថវៈ

ភ្នំពេញ: យោងតាមផេក ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ បានឲ្យដឹងថា នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីជនសង្ស័យម្នាក់ បានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវ:ទៅលើនារីរងគ្រោះម្នាក់ នៅផ្ទះគ្មានលេខ មួយកន្លែង ស្ថិតក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហ.ស ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កាត់ដេរ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកឯជនសង្ស័យ ឈ្មោះ ឡុង ម៉ិច ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ។

ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនរងគ្រោះបានដេកនៅលើផ្ទះរបស់ខ្លួនតែម្នាក់ឯង ដោយពុំបានចាក់សោទ្វារផ្ទះនោះទេ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ បានឡើងតាមជណ្តើររុញទ្វារចូលទៅក្នុងផ្ទះ រួចធ្វើសកម្មភាព ចាប់នារីរងគ្រោះអោបពីក្រោយប៉ុនប៉ងបម្រុងរំលោភសេពសន្ថវ: ក៏ប៉ុន្តែត្រូវបានជនរងគ្រោះ ភ្ញាក់ដឹងខ្លួនឡើងបានស្រែកឲ្យគេជួយ រួចជនសង្ស័យក៏បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ។ លុះដល់វេលាម៉ោង១៧និង០០នាទី ថ្ងៃដដែល ជនរងគ្រោះ និងក្រុមគ្រួសារបានឃើញជនសង្ស័យនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ បន្ទាប់ពីឃាត់ខ្លួន លទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យវិជ្ជមាន (មានសារធាតុញៀន) ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់