ព័ត៌មានសុខភាព

មធ្យោបាយដ៏មានប្រសិទ្ធភាព ៥យ៉ាង ជួយឲ្យផ្ទៃមុខរបស់អ្នកត្រលប់មកក្មេងជាងវ័យម្តងទៀត

ស្នាមជ្រីវជ្រួញ គឺជាសញ្ញាដំបូងនៃភាពចាស់ ដែលភាគច្រើនកើតឡើងនៅលើកន្ទុយភ្នែក ចិញ្ចីម និងគែមសងខាងនៃបបូរមាត់។ មានកត្តាផ្សេងៗជាច្រើនដូចជា អាយុ ការជក់បារី ស្បែកបាត់បង់ជាតិទឹក និងបរិស្ថាននៅជុំវិញ សុទ្ធតែអាចធ្វើឲ្យមានស្នាមជ្រួញកើតឡើងនៅលើផ្ទៃមុខទាំងអស់។

ទោះជាយ៉ាងណា កុំចាំបាច់ព្រួយបារម្ភអី ស្នាមជ្រួញទាំងនោះអាចកាត់បន្ថយបាន ហើយផ្ទៃមុខរបស់អ្នកនឹងត្រលប់មកក្មេងជាងវ័យ ប្រសិនបើអនុវត្តតាមវិធីសាស្ត្រងាយៗទាំងនេះ។

ស៊ុតស
អ្នកត្រូវគោះស៊ុយមួយគ្រាប់ យកតែស៊ុតពណ៌សប៉ុណ្ណោះ មកលាបនៅលើផ្ទៃមុខ។ ទុកយ៉ាងហោចណាស់ ១៥នាទី ឬរងចាំរហូតដល់ស្ងួត ទើបលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗ។ វីតាមីន A និងវីតាមីន B នៅក្នុងស៊ុតស អាចជួយកាត់បន្ថយ និងលុបបំបាត់ស្នាមជ្រួញពូកែបំផុត។

ប្រេងអូលីវ
ប្រេងអូលីវ អាចជួយរក្សាស្បែកឲ្យមានសភាពទន់រលោង និងបត់បែនបានល្អ។ មុនពេលចូលគេង សូមយកប្រេងអូលីវមកលាបនៅលើផ្ទៃមុខឲ្យសព្វ បន្ទាប់ពី១៥នាទី សឹមប្រើកន្លែងស្អាតជូតចេញ។ នៅពេលព្រឹកឡើង អ្នកនឹងសង្កេតឃើញស្បែកមុខប្រែក្លាយទៅជាទន់រលោង ប្លែកពីធម្មតា។

ទឹកក្រូចឆ្មារ
អ្នកគ្រាន់តែ ជូតទឹកក្រូចឆ្មារស្រស់នៅលើផ្ទៃមុខរៀងរាល់មុនពេលចូលគេង រយ:ពេល ១៥នាទី ទើបលាងជម្រះចេញ។ ជាតិអាស៊ីតរបស់វានឹងជួយកាត់បន្ថយស្នាមជ្រួញ និងជួយជម្រះស្បែកឲ្យភ្លឺរលោង។ ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាអាឡែស៊ី កុំប្រើប្រាស់ឲ្យសោះ។

ផ្លែប៊ឺរ
មិនត្រឹមតែស្នាមជ្រួញនោះទេ សូម្បីតែរង្វង់ភ្នែកខ្មៅ ក៏ផ្លែប៊ឺរ អាចជួយកម្ចាត់បានដែរ។ អ្នកគ្រាន់តែឆ្កឹះយកសាច់ផ្លែប៊ឺរទុំមួយស្លាបព្រា បន្ទាប់មកកិនឲ្យម៉ត់ យកមកបំពោតនៅលើកន្លែងដែលមានបញ្ហា ឬពេញផ្ទៃមុខទាំងមូល។ រងចាំរយ:ពេល ១៥នាទី ទើបលាងសម្អាតចេញ តែសូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាចទើបឆាប់បានផល។

ត្រសក់ និងស៊ុតស
យកត្រសក់កិនម៉ត់មួយស្លាប់ព្រាបាយ លាយជាមួយនឹងស៊ុតស មួយគ្រាប់។ បន្ទាប់ពីលាយបញ្ចូលគ្នាក្លាយជាល្បាយតែមួយ ទើបលាបនៅលើផ្ទៃមុខ។ ចុងក្រោយទុករយ:ពេល ១៥នាទី ទើបលាងសម្អាតចេញជាការស្រេច៕

មតិយោបល់