ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋមន្ត្រីក្រសួងអប់រំ នៅតែបន្តជំរុញទឹកចិត្តយុវជនកម្ពុជាឲ្យចាប់យកមុខវិទ្យា STEM

ភ្នំពេញ: លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តជំរុញទឹកចិត្តយុវជនកម្ពុជាឲ្យចាប់យកមុខវិទ្យា STEM រួមមាន វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, វិស្វកម្ម និងគណិតវិទ្យា និងញ៉ាំងឲ្យ STEM ក្លាយជាមុខជំនាញសិក្សា ឬជម្រើសអាជីពមួយ។ ការជម្រុញលើកទឹកចិត្តនេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ជំនាញសិក្សា និងការងារ ដែលមានសិស្សនិស្សិតមកពីសាលាផ្សេងៗ ចូលរួមប្រមាណជាង ២៣០០នាក់ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ មិថុនានេះ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជានៅមានចំណុចខ្វះខាតមួយ គឺការពិភាក្សាដោយយកចិត្តទុកដាក់ជាមួយអ្នកពាក់ព័ន្ធមកពីច្រើនមជ្ឈដ្ឋាន ជាពិសេសសមាគមនានាក្នុងវិស័យឯកជន ស្តីពីវិធីជំរុញការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងការយល់ដឹងរបស់យុវជនអំពីវិទ្យាសាស្ត្រពិតជាក់ស្តែង។ ដូច្នេះព្រឹត្តិការណ៍ពិព័រណ៍ជំនាញសិក្សានេះដែរ ត្រូវបានរៀបចំឡើងដោយសមាគមអតីតនិស្សិតអាហារូបករណ៍ហ្វ៊ុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីឲ្យយុវជនមានចំណេះដឹងខ្ពស់ អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសជឿនលឿន។

សូមជម្រាបថា ទិន្នន័យថ្មីៗបំផុត បានបង្ហាញថា ក្នុងចំណោមប្រជាជនកម្ពុជា ១លាននាក់ មានតែ ៥៦នាក់ប៉ុណ្ណោះ ដែលធ្វើការងារពាក់ព័ន្ធខាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រីឯនៅវៀតណាម មាន ៥០៨នាក់ ហើយនៅមីយ៉ាន់ម៉ា មាន ១០០នាក់។ កម្ពុជាជាប្រទេសតែមួយគត់ក្នុងអាស៊ាន ដែលមិនមានស្ថាប័នឈានមុខថ្នាក់ជាតិសម្រាប់ជួយសម្របសម្រួលផ្នែកវិទ្យាសាស្ត្រ។

សិស្សនិស្សិតនៅតាមវិទ្យាល័យ និងសាកលវិទ្យាល័យអាចចូលរួមសកម្មភាពក្នុងការតាំងពិព័រណ៍ទាក់ទងនឹងការអប់រំ ការប្រាស្រ័យទាក់ទងគ្នា និងការជជែកពិភាក្សាស៊ីជម្រៅ ពាក់ព័ន្ធនឹងប្រធានបទផ្សេងៗដែលជួយឲ្យពួកគេមានភាពជោគជ័យក្នុងការជ្រើសរើសមុខជំនាញសិក្សា និងអាជីពការងារ។ អ្នកចូលរួមទាំងឡាយ មិនត្រឹមតែទទួលបាននូវព័ត៌មានដែលខ្លួនឯងចង់បានប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចមានឱកាសធ្វើការសាកសួរដោយផ្ទាល់ ជាមួយវាគ្មិនចំនួនជាង៥០រូប ដែលមានឯកទេសច្បាស់លាស់ទៅតាមមុខជំនាញនីមួយៗទៀតផង។

ពីមួយឆ្នាំទៅមួយឆ្នាំ កម្មវិធីពិព័រណ៍ជំនាញសិក្សា និងការងារ តែងលើកយកប្រធានបទយ៉ាងច្បាស់លាស់មួយមកបង្ហាញក្នុងរបៀបវីរ: ដើម្បីជួយលើកស្ទួយក្នុងផ្នែកដ៏ជាក់លាក់មួយ សម្រាប់វិស័យអប់រំក្នុងប្រទេសកម្ពុជា។ សម្រាប់កម្មវិធីក្នុងឆ្នាំ២០១៦ ប្រធានបទដែលត្រូវផ្តោតសំខាន់ទៅលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា STEM ៕

photo_2016-06-05_11-13-15 photo_2016-06-05_11-13-42 photo_2016-06-05_11-13-49 photo_2016-06-05_11-13-58 photo_2016-06-05_11-14-07

មតិយោបល់