ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី កំពុងមានការព្រួយបារម្ភ មនុស្សរាប់សិបនាក់ជាប់ក្រោមគំនរបាក់បែក ខណៈអ្នកស្លាប់ ៨៣២នាក់

ឥណ្ឌូណេស៊ី: មនុស្សរាប់សិបនាក់ ត្រូវបានគេគិតថា ទំនងជាជាប់នៅក្រោមគំនរបាក់បែក នៃអគារនៅក្នុងទីក្រុង Palu ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីការរញ្ជួយដី និងរលកយក្សស៊ូណាមី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨។

ក្រុមជួយសង្គ្រោះ កំពុងរង់ចាំគ្រឿងចក្រធុនធ្ងន់ ដើម្បីជួយដល់ដំណើរការស្វែងរកជនរងគ្រោះ នៅជាប់ក្រោមគំនរសណ្ឋាគារ និងមជ្ឈមណ្ឌលផ្សារទំនើបមួយ ដែលត្រូវបានបំផ្លាញ ហើយបង្កអសុវត្ថិភាពដល់ពួកគេ ដែលកំពុងស្ថិតនៅទីតាំង រងផលប៉ះពាល់។

ក្រុមមន្ត្រីបាននិយាយថា គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី បានសម្លាប់មនុស្សយ៉ាងតិច ៨៣២ នាក់​ខណ:ភ្នាក់ងារគ្រោះមហន្តរាយជាតិ បានប្រកាសផែនការកសាងផ្នូរដ៏ធំមួយ ដែលត្រូវបានជីកកាលពីយប់ថ្ងៃអាទិត្យ ហើយគេរំពឹងថា នឹងមានសាកសពយ៉ាងហោចណាស់ ៣០០នាក់ នឹងត្រូវកប់នៅទីតាំងនោះ។

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានធ្វើទស្សនកិច្ចទៅតំបន់រងផលប៉ះពាល់ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង ទាំងយប់ទាំងថ្ងៃ ក្នុងការជួយសង្គ្រោះអ្នករស់រានមានជីវិត៕

មតិយោបល់