ព័ត៌មានសិល្បៈ និងកម្សាន្ត

សោភា ទេពី ចេញOriginal Song ខូចចិត្ត ក្រោយសង្ស័យថាចំណងស្នេហ៍បែកបាក់

គ្មានអ្នកណាមិនដឹងនោះទេថាចំណងស្នេហ៍រវាងតារាចម្រៀងនាងសោភា ទេពី និងតារាសម្ដែងលោកឈួន ពន្លឺ ត្រូវបានប្រកាសឡើងយ៉ាងបើកចំហរតាមរយ:សកម្មភាពបង្ហាញភាពផ្អែមល្ហែមទៅចូលរួមកម្មវិធីផ្សេងៗជាមួយគ្នា។

ប៉ុន្តែចំណងស្នេហ៍នេះកំពុងត្រូវបានគេសង្ស័យថាមានភាពរង្គោះរង្គើរដោយសារតែភាគីម្ខាងៗហាក់ស្ងប់ស្ងាត់រៀងខ្លួន ហើយស្រាប់តែភាគីខាងស្រីចេញបទ Original Song ថ្មីសន្លាងដែលក្នុងអត្ថន័យបទនោះ ក៏មានខ្លឹមសារបែកបាក់ស្នេហ៍ទៅទៀត។

ដ្បិតថាតារាចម្រៀងកញ្ញា សោភា ទេពី ត្រូវបានគេស្គាល់ថាទទួលបានជោគជ័យក្នុងអាជីពជាអ្នកចម្រៀងប្រមាណជា២ឆ្នាំចុងក្រោយ ក៏តារាស្រីវ័យ១៦ឆ្នាំរូបនេះនៅមិនទាន់មានបទផ្ទាល់ខ្លួន ឬបទ Original Song ដើម្បីបង្អួតទីផ្សារនោះទេ។

អ៉ីចឹងទើបម្នាក់ៗមានការចាប់អារម្មណ៍នឹងបទចម្រៀងរបស់នាងដែលជាប្រភេទបទនិពន្ធថ្មីស្នាដៃកូនខ្មែរ ជាពិសេសនៅពេលដែលបទចម្រៀងនោះស្រាប់តែមានអត្ថន័យបាត់បង់ស្នេហា ក្នុងពេលដែលនាង និងលោក ឈួន ពន្លឺ ក៏មិនសូវឃើញទៅណាមកណាជាមួយគ្នាដូចមុន ហើយក្នុងពេលភាគីម្ខាងៗរក្សាភាពស្ងប់ស្ងាត់មិនធ្វើការបកស្រាយពីចម្ងល់មួយនោះ ដោយស្នើឲ្យមហាជនរង់ចាំតាមដាន។

អ្នកគាំទ្រតារាទាំង២កាន់តែផ្ដោតការចាប់អារម្មណ៍ចំពោះស្នេហាយុវវ័យមួយគូនេះទ្វេដង បន្ទាប់ពីតារាចម្រៀងនាង សោភា ទេពី បញ្ចេញបទនិពន្ធថ្មីជាបទផ្ទាល់ខ្លួនបើកឆាករបស់នាងក្រោមចំណងជើងថា«អ្នកណាកែចិត្តបង?» ហើយខ្លឹមសារនៅក្នុងបទចម្រៀងស្រាប់តែរំលេចពីការឈឺចាប់ ដែលស្របនឹងភាពល្អូកល្អិនរវាងនាង និងលោកឈួន ពន្លឺ លែងឃើញដូចមុន។

ទាំងសោភា ទេពី និង លោក ឈួន ពន្លឺ បដិសេធមិនបង្ហើបឲ្យដឹងពីការវិវត្តន៍ថ្មីនៃទំនាក់ទំនងរបស់ពួកគេទាំង២នោះទេ ដោយភាគីម្ខាងៗបានត្រឹមតែលើកឡើងថាអ្វីៗគឺនៅតែដដែល ប៉ុន្តែបើក្រឡេកទៅមើលការប្រាស្រ័យទាក់ទងហាក់ដូចជាមានការប្រែប្រួល។

យ៉ាងណាក៏ដោយ គេចាត់ទុកថាបទចម្រៀង Original Song លើកដំបូងរបស់សោភា ទេពី ទទួលបានការចាប់អារម្មណ៍គួរឲ្យកត់សម្គាល់ ដោយសារតែបទចម្រៀងមួយបទនោះក្រៅពីមានទឹកដមសំឡេងពីរោះរន្ដំហើយ ថែមទាំងមានអត្ថន័យមិនខុសពីការបង្ហាញពីស្នេហាប្រែប្រួល បើទោះជានាងមិនទាន់ចង់បកស្រាយ ស្របគ្នាដែលលោកឈួន ពន្លឺ ក៏បានត្រឹមតែអះអាងថាអ្វីៗលោកថាចង់ឲ្យមានការតាមដានច្រើនជាង។

ចម្រៀងមួយបទនេះត្រូវបានភាគីម្ចាស់បទបញ្ជាក់ថាទើបតែបានផលិតឡើងប៉ុណ្ណោះ តែនាងជាការផលិតឲ្យដោយផលិតកម្មថ្មីមួយ ដែលនាងទទួលច្រៀងឲ្យមិនមានកុងត្រានោះ ខណ:ដែលខ្លឹមសារនៅក្នុងបទចម្រៀងក៏នាងបញ្ជាក់ថា មិនមែនជាការតម្រូវរបស់នាងនោះទេ។

តារារូបនេះបញ្ជាក់ថានាងច្រៀតតាមការតម្រូវរបស់ផលិតកម្មដែលនាងមិនបានកុងត្រានោះតែប៉ុណ្ណោះ អ៉ីចឹងហើយទើបនាងនៅតែអះអាងថាបើទោះជាខ្លឹមសារនៅក្នុងបទចម្រៀងមានន័យបង្ហាញពីការបែកបាក់ តែក៏មិនមែនប្រាកដថាជាការឆ្លុះបញ្ចាំងជិវិតឯកជនរបស់ខ្លួន៕

មតិយោបល់