ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត បវរកញ្ញា ភពផែ...

បវរកញ្ញា ភពផែនដីអន្តរជាតិ បង្ហាញអារម្មណ៍ក្នុងដំណើរទស្សនកិច្ចនៅសៀមរាប

0

បវរកញ្ញា ភពផែនដីលេខ២អន្តរជាតិ Miss Planet International ជនជាតិថៃ កញ្ញា ម៉ារីសា ផុនធីរ៉ាត់ ក៏បានចុះទៅដាំកូនឈើជាលើកទី២ ក្នុងដំណើរទស្សនកិច្ច នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ តុលា ឆ្នាំ២០១៩ ដោយកញ្ញាបង្ហាញ អារម្មណ៍ជាច្រើននៅលើទឹកដីអច្ឆរិយរបស់កម្ពុជានេះ។ កញ្ញា បានបង្ហាញអារម្មណ៍ ទាំងនោះ ក្នុងពិធីជប់លៀង មុនចាកចេញពីសៀមរាប។

អ្នកស្រី ហាយ តារា សហអគ្គនាយិកា Miss Planet International ជាអ្នកដឹកនាំដំណើរទស្សនកិច្ចនេះ ទៅកាន់ក្រុមហ៊ុនបុរីអង្គលែនម៉ាក្យ បន្ទាយស្រី បានថ្លែងបញ្ជាក់ថា ពិតជាកិត្តិយសយ៉ាងខ្លាំង ដែលវត្តមានបវរកញ្ញាថៃលេខ២អន្តរជាតិ ត្រូវបានទទួលការស្វាគមន៍ពីបណ្ដាក្រុមហ៊ុននានា ស្របពេលដែលក្នុងខេត្តសៀមរាប ក៏មានពិធីដាំកូនឈើ ក្នុងតំបន់ផ្សេងៗ ជាពិសេសក្នុងស្រុកបន្ទាយស្រី ជិតតំបន់ភ្នំគូលែន ក្រោមការរៀបចំរបស់ក្រុមហ៊ុនបុរីអង្គរលែនម៉ាក្យ បន្ទាយស្រី ដោយមានការចូលរួមពីយុវជន និងថ្នាក់ដឹកនាំមួយចំនួនផង។ អ្នកស្រីថា ការដឹកនាំបវរកញ្ញាថៃ មកធ្វើទស្សនកិច្ចនៅខេត្តសៀមរាបលើកនេះ គឺជាលើកទី២ ហើយ ដោយដំណើរមកលើកនេះ រឹតតែធ្វើឲ្យបវរកញ្ញាថៃ យល់ដឹងពីការរស់នៅ និងពីវប្បធម៌របស់កម្ពុជា។

ក្រៅពីចូលរួមធ្វើសកម្មភាពសប្បុរសធម៏ បវរកញ្ញាថៃក៏នឹងរួមចំណែកបំផុស ពីកម្ពុជាឲ្យពិភពលោក ស្គាល់កាន់តែច្បាស់ផងដែរ។ ជាក់ស្ដែងក្នុងដំណើរ ទស្សនកិច្ចនៅខេត្តសៀមរាប កញ្ញា ម៉ារីសា បានចូលរួមដាំដើមឈើ រហូតដល់ទៅ២ដង ដើម្បីបំផុសឲ្យស្រទ្បាញ់ធម្មជាតិ និងរួមចំណែកដាំដើមឈើ កាត់បន្ថយកម្ដៅលើផែនដី។ លោកស្រី អរគុណចំពោះក្រុមហ៊ុនបុរីអង្គរ លែនម៉ាក្ស បន្ទាយស្រី និង Angkor Musiem Boutique and Spa និងដៃគូសហការផ្សេងទៀត ដែលបានស្វាគមន៍ដល់កញ្ញាឯកថៃ។

លោក ទួស សាភឿន ទីប្រឹក្សាភិបាលបុរីអង្គរលែនម៉ាក្យបន្ទាយស្រី បានថ្លែង បញ្ជាក់ថា ពិតជាកិត្តិយសយ៉ាងខ្លាំង ដែលកញ្ញាឯកថៃ ម៉ារីសា បានជ្រើសយក ខេត្តសៀមរាប ជាទីតាំងទស្សនកិច្ច និងបានចូលរួមក្នុងសកម្មភាពដាំកូនឈើ ដើម្បីឲ្យខេត្តសៀមរាប មានតែពណ៌បៃតង ក្នុងពេលអនាគត។ លោកថា កញ្ញាភពផែនដី គឺតំណាងឲ្យបរិស្ថាន ពណ៌បៃតង ដូច្នេះគឺជារឿងដ៏ប្រសើរ ខ្លាំងណាស់ ដែលកញ្ញាភពផែនដីអន្តរជាតិ បានរួមចំណែកបំផុស ឲ្យពិភពលោក ស្គាល់ពីកម្ពុជា និង បំផុសឲ្យមហាជនយល់ដឹង ពីគុណប្រយោជន៍នៃការចូលរួម ដាំដើមឈើ។

កញ្ញា ម៉ារីសា បញ្ជាក់ក្នុងពិធីជប់លៀងថា រយ:ពេលទស្សនកិច្ច នៅខេត្តសៀមរាប កញ្ញាពិតជាទទួលបានបទពិសោធន៍ខ្លាំងណាស់ ដូចជាការកាត់បន្ថយទុយោប្លាស្ទិច និងការចូលរួមដាំកូនឈើ នៅប្រទេសកម្ពុជា។ កញ្ញាថា ខ្លួនរំភើប ហើយក៏សូម អំពាវនាវឲ្យមានការ ចូលរួមដាំកូនឈើឲ្យបានច្រើន នៅតំបន់ភ្នំគូលែន ឲ្យបានកាន់តែច្រើន ដោយសារតែទីតាំងនោះ ស្រស់ស្អាតដោយធម្មជាតិ ប្រសិនមានពណ៌បៃតង កាន់តែស្អាត នឹងកាន់តែស្រស់ស្រាយពេលមកដល់។

កញ្ញារឹតតែរំភើបដែលក្រុមហ៊ុន បុរីអង្គរលែនម៉ាក្យ បន្ទាយស្រី បានរៀបចំពិធី ជប់លៀងឲ្យនាងនៅសណ្ឋាគារ Angkor Musiem Boutique and Spa មុនចាកចេញ កាលពីយប់ថ្ងៃទី៣០ តុលា ឆ្នាំ២០១៩ ដោយមានវត្តយ៉ាងច្រើនកុះករចូលរួម៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.