ព័ត៌មានសិល្បៈ និងកម្សាន្ត

អតីត Cambodian Idol ហុិន លីដា ទទួលកាដូពិសេសថ្ងៃខួបកំណើត

កាលពីយប់ថ្ងៃទី១៧ ឧសភា តារាចម្រៀង កញ្ញា ហ៊ិន លីដា បានជួបជុំមិត្តភ័ក្ត្រស្និទ្ធិស្នាលប្រារព្ធខួបកំណើត អាយុ២១ឆ្នាំ។ នៅក្នុងថ្ងៃនោះ នាងក៏ត្រូវបានប្រកាសថា គឺជាម្ចាស់សំនៀងក្នុងបទ « អំពើល្អ » ដែលបទមួយនេះ ត្រូវបានលាក់បាំងអត្តសញ្ញាណ តាំងពីផ្ទុះការគាំទ្រនោះផងដែរ។

វត្តមានរបស់នាងបកស្រាយបទនេះ ធ្វើឲ្យមហាជន មានការចាប់អារម្មណ៏យ៉ាងខ្លាំង ជាពិសេស នៅពេលបទចម្រៀងនោះ ត្រូវគេដឹងថា មានអត្ថន័យជ្រាលជ្រៅ បុកចំអារម្មណ៍មហាជន នៅក្នុងសង្គមនាពេល បច្ចុប្បន្ន។ ហ៊ិន លីដា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ពានលេខ១ នៅក្នុងកម្មវិធីផ្កាយរះក្នុងសួន របស់ទូរទស្សន៍អប្សរា និងជាអតីតបេក្ខភាពជុំចុងក្រោយរបស់កម្មវិធី Cambodian idol រដូវកាលទី២ របស់ទូរទស្សន៍ហង្សមាស បានបង្ហាញអារម្មណ៍រំភើបមិនតិចទេ នៅពេលទទួលបានកាដូដែលមានហ្វេនៗ កោតសរសើរ បន្ទាប់ពីបញ្ជាក់ថា នាងគឺជាម្ចាស់បទនោះ។ នេះជាបទ Original Song ដែលនិពន្ធទំនុកច្រៀង និង មេឡូឌីថ្មី ដោយស្ថាបនិកគ្រួសារតារាកម្ពុជា លោក ផាត់ តារារដ្ឋ ដែលនឹងចេញជា Audio និង MV ផ្លូវការក្នុងពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា បទចម្រៀង« អំពើល្អ » មួយនេះ គឺជាបទដែលបង្កប់ទៅដោយអត្ថន័យជ្រាលជ្រៅ ផ្ដោតសំខាន់ទៅលើការធ្វើអំពើល្អ នៅក្នុងសង្គម ពិសេសជម្រុញទឹកចិត្តដល់អ្នក ដែលធ្លាប់ធ្វើអំពើល្អទាំងឡាយបន្តប្រព្រឹត្តទង្វើល្អៗបែបនេះ។ មិនត្រឹមតែត្រៀមចេញជា MV ពេញលេញនោះទេ ប៉ុន្តែគ្រប់ឈុតឆាក នៅក្នុងបទចម្រៀងត្រូវបានគេដឹងថា គឺសុទ្ធសឹងតែឆ្លុះបញ្ចាំង ឱ្យឃើញនូវការធ្វើទង្វើល្អគ្រប់ទំរង់ និងអំពើរមនុស្សធម៌គ្រប់រសជាតិទាំងអស់ ដែលនឹងមានការលើក យកមកបង្ហាញនៅក្នុងពេលដ៏ខ្លីខាងមុខនេះថែមទៀតផង៕

មតិយោបល់