ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឆៃលី ដាឡែន រំលឹកការឈឺចាប់ព្រមានតារាជំនាន់ក្រោយ

ភ្នំពេញ: ខុសពីអតីតតារាស៊ិចស៊ី ដែលមានមោទនភាពនៅពេលមានបុគ្គលណាម្នាក់រំលឹកពីភាពតំណែងស៊ិចស៊ីនាពេលអតីតកាល តារាចម្រៀង និងជាតារាសម្ដែងអ្នកនាងឆៃលី ដាឡែន បែរជាមានអារម្មណ៍ខូចចិត្តនឹងរូបភាពស៊ិចស៊ីរបស់ខ្លួនទៅវិញ។ អ្នកនាងបានបង្ហាញពីអារម្មណ៍ឈឺចាប់យ៉ាងកម្រ ដោយឃ្លាទាំងនោះក៏មិនខុសពីការព្រមានព្រមានដល់អ្នកជំនាន់ក្រោយក្នុងសិល្ប:។

អ្នកនាងនិយាយថាបើទោះជាពេលកន្លងមកអ្នកនាងចូលចិត្តស៊ីចស៊ី និងចង់បានឈ្មោះជាតារាចូលចិត្តបញ្ចេញដើមទ្រូង តែនាងមិនដែលសប្បាយចិត្តនោះទេ នៅរូបភាពទាំងនោះបានក្លាយជាអាវុធមុខ២ធ្វើឲ្យអ្នកនាងបាត់បង់ប្រជាប្រិយភាពទៅវិញ។ នាងថាភាពស៊ិចស៊ីបានជួយឲ្យកេរ្តិ៍ឈ្មោះរបស់នាងកម្រើកឡើង ប៉ុន្តែក៏ធ្វើឲ្យនាងបាត់បង់កេរ្តិ៍ឈ្មោះ និងមានវិប្បដិសារីមកទល់ពេលនេះផងដែរ។ ការលើកឡើងរបស់នាងគឺសំដៅចំពោះភាពស៊ិចស៊ី ដែលនាងបានបញ្ចេញដើមទ្រូងក្នុងពេលសម្ដែងចេញសម្ដែងនៅអាមេរិក ដែលបង្កឲ្យផ្ទុះការរិះគន់។

ឆៃលី ដាឡែន និយាយថា រូបភាពស៊ិចស៊ីមួយប្រាវនោះ បានបន្សល់ឲ្យនាងនូវអារម្មណ៍ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ និងចាត់ទុកថាការលេងខ្លួនដោយអចេតនាពេលនោះ គឺជាអ្វីដែលនាងមិនអាចទទួលយកការរិះគន់។ នាងថាតារាសិល្ប:ដែលចូលចិត្តនឹងការបញ្ចេញភាពស៊ិចស៊ីហួសហេតុ ពិតជាមានមោទនភាពនៅពេលរូបភាពទាំងនោះជួយឲ្យទីផ្សារសិល្ប:របស់ពួកគេស្ទុះឡើង។ ប៉ុន្តែភាពអាម៉ាស់ និងការមាក់ងាយជារបៀបរើសអើង នឹងធ្វើឲ្យបុគ្គលទាំងនោះឈឺចាប់មិនងាយភ្លេច។

អ្នកនាងនិយាយថា«សម្រាប់អ្នកមិនទាន់ជួប គាត់មិនទាន់ដឹងទេថាភាពស៊ីចស៊ីហ្នឹងវាយ៉ាងមិចទេ ប៉ុន្តែសម្រាប់ខ្ញុំ! ខ្ញុំធ្លាប់ជួប គឺវាឈឺចាប់ណាស់!»។ អ្នកនាងទទូចកុំឲ្យតារាសិល្ប:ជំនាន់ក្រោយជម្រើសយកការតែងខ្លួនជារបៀបស៊ិចស៊ីហួសហេតុ ដោយសារតែការល្បីល្បាញដោយភាពស៊ិចស៊ី គឺបន្សល់នូវការមាក់ងាយពីសំណាក់មនុស្សនៅជុំវិញខ្លួន ដោយជៀសមិនផុត។ អ្នកនាង ថា អារម្មណ៍របស់ខ្លួននៅតែដក់នូវវិប្បដិសារី ជាពិសេសនៅពេលរូបថតស៊ិចស៊ីដែលធ្លាប់ធ្វើឲ្យនាងបាត់បង់ការងារសិល្ប: ត្រូវបានគេរំលឹកមកវិញ។ នាងមិនចង់ឲ្យមហាជនណាម្នាក់ចងចាំ ឬរំលឹកជាថ្មីនូវអ្វីដែលនាងបានសាងកំហុសនោះទេ ហើយនាងក៏មិនចង់ឃើញតារាជំនាន់ក្រោយណាម្នាក់ទទួលការឈឺចាប់ ព្រោះតែចង់ប្រថុយនឹងភាពស៊ិចស៊ីនោះដែរ។ យ៉ាងណាមិញ នាងថាតារាជំនាន់នេះមានភាពសំណាងជាងខ្លួន បើធៀបនឹងពេលដែលនាងលេងខ្លួនស៊ិចស៊ីហើយទទួលនូវការវាយសំពងយ៉ាងចាស់ដៃពីសំណាក់មហាជន រហូតបណ្ដាលឲ្យគេរើសអើងមិនឲ្យឡើងឆាក និងហៅច្រៀង ឬសម្តែង៕

photo_2016-10-16_23-23-47

photo_2016-10-16_23-23-49

photo_2016-10-16_23-23-51

photo_2016-10-16_23-23-53

photo_2016-10-16_23-23-54

photo_2016-10-16_23-23-57

photo_2016-10-16_23-23-59

មតិយោបល់