ព័ត៌មានជាតិ

តំណាងអយ្យការប្តឹងឧទ្ធរណ៍ ប្រឆាំងការសម្រេចរបស់លោកចៅក្រម ហេង កេសរោ រឿងដោះ ថៅកែចិន ដែលនាំគ្នាវាយកូនបំណុល

ភ្នំពេញ: លោក សឿ ឡងឌី ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងតាម Telegram នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ម្សិលមិញថា សំណុំរឿង ថៅកែជនជាតិចិនតៃវ៉ាន់ម្នាក់ នាំបក្ខពួកទៅប្រើហិង្សាលើកូនបំណុល ដែលត្រូវលោក ហេង កេសរោ ជាចៅក្រមស៊ើបសួរ ដោះលែង លោកបាន ប្តឹងឧទ្ធរណ៍ហើយ។

លោកព្រះរាជអាជ្ញារង សឿ ឡងឌី បានបន្ថែមថា លោកបានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ Yang Shi Xioa ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន ហ្គ្រេនសាមមីត អ៊ីនធ័រណេសសិនណល ពីបទ ហិង្សាមានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ និងបានបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ដោយបានស្នើសុំឲ្យចៅក្រម ស៊ើបសួរ ឃុំខ្លនជនត្រូវចោទជាបណ្តោះអាសន្ន។

ប៉ុន្តែមិនដូចជាការស្នើសុំឡើយ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ លោក ហេង កេសរោ ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានដោះលែងជនត្រូវចោទ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ទៅវិញ។

សូមបញ្ជាក់ថា ការសម្រេចប្តឹងឧទ្ធរណ៍ របស់លោកតំណាងអយ្យការ ប្រឆាំងសេចក្តីសម្រេច ដោះលែងជនត្រូវចោទ ខាងលើ ពីសំណាក់ចៅក្រមស៊ើបសួរ នេះ បានធ្វើឡើង បន្ទាប់ពីមាន ការចុះផ្សាយយ៉ាងចម្រូងចម្រាស អំពីករណី ដោះលែងចៅកែជនជាតិចិនតៃវ៉ាន់រូបនេះ នៅលើបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួន។

លោកព្រះរាជអាជ្ញារង សឿង ឡងឌី បានអះអាងថា អត្ថបទដែលបានចុះផ្សាយក្នុងពេលកន្លងទៅនោះ មិនត្រឹមត្រូវ នោះទេ ពោលគឺរូបលោក មិនបានទទួលដំណឹង ឬយល់ព្រមជាមួយ ចៅក្រមស៊ើបសួរ ឲ្យមានការសម្រេចជនត្រូវចោទជាជាតិចិនតៃវ៉ាន់ខាងលើនោះទេ មានតែចោទប្រកាន់ និងស្នើសុំឲ្យចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្ន។

បើយោងតាម សមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានការឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ជនត្រូវចោទឈ្មោះ Yang Shi Xioa បាននាំបក្ខពួកចំនួន ៣នាក់ទៀត ទៅជួបជនរងគ្រោះឈ្មោះ Lai Chu Wan នៅផ្ទះលេខ១៣ ផ្លូវលេខ៣ បុរីពិភពថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីទារលុយដែលជំពាក់ ចំនួន ២២ម៉ឺនដុល្លារ។

ដោយសារជនរងគ្រោះ មិនទាន់មានលុយសង ទើបបក្ខពួក របស់ជនត្រូវចោទ បានយកពែងតែ គប់ជនរងគ្រោះ បែកក្បាល និងបាននាំគ្នាគំរាម ជនរងគ្រោះ ឲ្យផ្តិតមេដៃ លើកិច្ចសន្យា បញ្ចាំរថយន្តម៉ាក Mercedes 500 មួយគ្រឿង ឲ្យទៅជនត្រូវចោទ ជាថ្នូរនឹងការសងប្រាក់គ្រប់ចំនួន។

ក្រោយទទួលបាន ពាក្យបណ្តឹងពីជនរងគ្រោះ ទើបកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនត្រូវចោទ ឈ្មោះ Yang Shi Xioa ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន ហ្គ្រេនសាមមីត អ៊ីនធ័រណេសសិនណល រស់នៅផ្ទះលេខ ៥កា ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកទៅសាកសួរ ដោយសន្និដ្ឋានថាបានប្រព្រឹត្តបទល្មើស ហិង្សាមានស្ថានទម្ងន់ទោស និងបទល្មើស កំហែងយក រួចក៏បញ្ជូនខ្លួនជនត្រូវចោទទៅតុលាការចាត់ការតាមច្បាប់៕

មតិយោបល់