ផ្ទះ ព័ត៌មានជាតិ បែកធ្លាយសកម្ម...

បែកធ្លាយសកម្មភាពក្រុមស្លៀកពាក់ស៊ីវិល បង្កប់ឯកសណ្ឋានប៉ូលិសខ្លះចាប់មនុស្ស យ៉ាងអានាធិបតេយ្យតាមបណ្ដោយផ្លូវR6 និងផ្លូវជុំវិញប្លុកក្ដាន់ពីរ

0

ភ្នំពេញ: ក្រោយពីមានវីដេអូពីសកម្មភាពក្រុមស្លៀកពាក់ស៊ីវិល និងលាយដោយឯកសណ្ឋានប៉ូលិសម្នាក់ពីរនាក់ដេញចាប់មនុស្សយ៉ាងអនាធិបតេយ្យ នៅម្ដុំក្ដាន់ពីរ យកទៅកន្លែងស្ងាត់មានបីទីតាំង ដែលគេសង្ស័យថាមានភាពមិនប្រក្រតី ទី១នៅក្នុងដីឡូតិ៍បឹងកក់ទី២ កន្លែងស្ងាត់ខាងលិចតារាងវាយកូនហ្គោល ទាំងពីរទីតាំងនេះ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងទីតាំងទី៣ ជិតគល់ស្ពានអាកាស៥មករា សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់បានឃើញក្រុមស្លៀកពាក់ស៊ីវិលនេះដេញចាប់មនុស្សតាមបណ្ដោយផ្លូវR6 សាហាវជាងសមត្ថកិច្ចចាប់ចោរប្លន់ទៅទៀត ដោយចាប់មិនឲ្យស្រែកបើបុគ្គលណាហ៊ានស្រែកក្រុមគេវាយទាល់តែឈប់ស្រែក ហើយហាមមិនឲ្យអ្នណាថតជាដាច់ខាត សង្ស័យខ្លាចបែកធ្លាយរឿងអាក្រក់របស់ខ្លួន។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៣០នាទីយប់ ក្រោយពីទទួលបានសារពីប្រជាពលរដ្ឋ ក្រុមអ្នកយកព័ត៌មានធ្វើដំណើរកាត់ទីនោះក៏ប្រទះឃើញសកម្មភាពក្រុមស៊ីវិលទាំងនោះ ចាប់បុរសម្នាក់គ្រៀកដាក់លើម៉ូតូ គោលបំណងយកទៅកន្លែងស្ងាត់ តែដោយឃើញក្រុមអ្នកសារព័ត៌មានដេញតាមផ្ដិតយករូបភាព និងសកម្មភាព ទើបក្រុមទាំងនោះព្យាយាមដឹកគេចបង្វែរដាន ដើម្បីគេចពីកាំមេរ៉ាហើយម្នាក់ក្នុងចំណោមពួកគេថែមគំរាមថា «បើហ៊ានថតប្រយ័ត្នមានរឿង»។

ក្រោយពីក្រុមអ្នកសារព័ត៌មានធ្វើការផ្ដិតយករូបភាព រហូតទៅដល់ទីតាំងមួយកន្លែងទៀត ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ជិតគល់ស្ពានអាកាស៥មករា ក៏ប្រទះឃើញរថយន្តឡង់គ្រីស័រ ១គ្រឿង ពាក់ស្លាកលេខ នគរបាល 2-0392 ដែលជារថយន្តដឹកមនុស្សដែលគេចាប់បាន ជាច្រើននាក់នៅក្នុងរថយន្ត ដោយខ្លះជាប់ខ្នោះ ខ្លះទៀតចងខ្សែ រួចក៏ប្រញាប់បើករថយន្តចេញទៅបាត់ស្រមោល។

បញ្ជាក់៖ ពេលដែលក្រុមស្លៀកពាក់ស៊ីវិលកំពុងឌុបគ្រៀកបុរសម្នាក់ ក្រុមអ្នកសារព័ត៌មានព្យាយាមសួរទៅកាន់ក្រុមស្លៀកពាក់ស៊ីវិលនោះថា ចាប់គាត់ (បុរសនោះ) ពីបទអ្វី? ប៉ុន្តែពួកគេមិនឆ្លើយតបហើយបន្ថែមល្បឿនម៉ូតូកាន់តែលឿនឆ្ពោះទៅម្តុំក្បាលថ្នល់។
ទោះជាអ្នកសារព័ត៌មានជិះដេញថត និងតាមសួរយ៉ាងនេះក្តីក៏នៅតែមិនមានចម្លើយពីខាងក្រុមស្លៀកពាក់ស៊ីវិលទាំងនោះថា ចាប់មនុស្សពីបទអ្វីឡើយ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.