ផ្ទះ ព័ត៌មានជាតិ Update៖ សាច់ញ...

Update៖ សាច់ញាតិទ្រហោយំ សោកសង្រេង! បុរសម្នាក់ ជិះម៉ូតូប្រញាប់ទៅយកសង្សារ ស្រាប់តែជួបគ្រោះអកុសល

0

ភ្នំពេញ: បុរសម្នាក់ប្រញាប់ទៅយកសង្សារ ចេញពីធ្វើការ នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិពោធិ៍ចិនតុង ស្រាប់តែទៅជួបរឿងអកុសល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង ១និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩ ត្រង់ចំណុចស្តុបខាងមុខក្រុមហ៊ុនតេលា តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី កែងនិងផ្លូវបេតុងចក្រចូលសាលាសង្កាត់ទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សពជនរងគ្រោះឈ្មោះ លៀង លីហេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាអាជីវករលក់ដូរ ស្នាក់នៅក្នុងបុរីចម្ការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ។ អ្នកបើកបររថយន្តឈ្មោះ ភឹម អ៊ន ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្ត១គ្រឿង ម៉ាកលុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-5652 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើ ក៏បានបត់ឆ្វេងឆ្លងផ្លូវបំណងឆ្ពោះ ទៅផ្លូវបេតុងចក្រចូលសាលាសង្កាត់ទឹកថ្លា តែខណ:បត់បានពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកស៊ុយស័រគីស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-9959 បើកបរដោយបុរសរងគ្រោះ បានជិះចេញមកពីផ្ទះនៅឯចម្ការដូង បំណងទៅទទួលយកសង្សារ ដែលចេញពីធ្វើការនៅអាកាសយានដ្ឋានភ្នំពេញ អន្តរជាតិពោធិ៍ចិនតុង ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ជាមួយល្បឿនយ៉ាងលឿន បានបើកឆ្លងកាត់ស្តុបកើតហេតុ ដោយបំពានភ្លើងសញ្ញាចរាចរណ៍ រួចក៏ជ្រុលទៅបុកចំពីមុខរថយន្តខាងលើពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះខ្ទាតចេញពីម៉ូតូ ដួលបោកក្បាលស្លាប់ភ្លាមៗ។ ចំណែកឯម៉ូតូ បានរងការខូចខាតយ៉ាងដំណំ រីឯរថយន្តក្រពឹតកាងផ្នែកខាងមុខ។

ភ្លាមៗនោះអ្នកបើកបររថយន្តខាងលើ ក៏បានព្យាយាមបន្ថែមល្បឿន បើករត់គេចចេញពីកន្លែងកើតហេតុ តែក៏ត្រូវបានប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ បានជិះតាមនិងស្ទាក់ចាប់បានមកវិញទាន់ពេលវេលា។

បន្ទាប់ពីទទួលបានដំណឹងនារីដែលជាសង្សារ និងប្អូនប្រុសរបស់ជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ ជាមួយនឹងទឹកមុខក្រៀមក្រំ ស្រែកទ្រហោយំឱបសព បុរសរងគ្រោះយ៉ាងគួរឲ្យសោកសង្រេង។

ក្រោយកើតហេតុ ម៉ូតូនិងរថយន្ត រួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងនាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការ ដោះស្រាយ តាមនីតិវិធីច្បាប់។

ដោយឡែកសព បានប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅផ្ទះ ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.