ផ្ទះ ព័ត៌មានជាតិ Update៖ គួរឲ្...

Update៖ គួរឲ្យសង្វេគណាស់! រថយន្តដឹកប្រេងឥន្ធនៈ កិនយុវជនម្នាក់ស្លាប់ថ្លុកឈាម ឯម្នាក់ទៀត ត្រូវបញ្ជូលចូលពេទ្យ

0

ភ្នំពេញ: បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ ខណ:ជិះម៉ូតូមួយគ្រឿង ឌុបគ្នាទៅកន្លែងស្នាក់នៅ ត្រូវរថយន្តដឹកប្រេងសណ្តោងធុនយក្សមួយគ្រឿង បុកចំពីមុខពេញទំហឹង ហើយកិនពីលើ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៦ និង ៤០នាទីយប់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤ ជិតនិងបូរីពិភពថ្មី ក្នុងភូមិគុល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ តឿន រ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅភូមិចម្ការថ្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ភូមិជ្រេស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ស្លាប់)។ ចំណែកម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ កំពង់ឆ្នាំង 1F-9538 ឌុបគ្នាចេញពីកន្លែងធ្វើការវិញ ធ្វើដំណើរពីលិចទៅកើត បំណងទៅកន្លែងស្នាក់នៅវិញ
ខណ:មកដល់ចំណុចកើតហេតុ ក៏មានរថយន្តដឹកប្រេងឥន្ធន:មួយគ្រឿង
ក្បាលពណ៌ស លាយខៀវ ឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ3D-7332
បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតទៅលិច ជ្រុលទៅបុកម៉ូតូ បណ្តាលដួលខ្ទាតអ្នកអង្គុយខាងក្រោយ ចូលកង់រថយន្តខាងមុខ ផ្នែកខាងឆ្វេងកិនស្លាប់ភ្លាមៗ ចំណែកអ្នកឌុបខ្ទាតចេញក្រៅ រងរបួសធ្ងន់។

ភ្លាមៗនោះរថយន្តបង្ក បានព្យាយាមបើករត់ តែត្រូវបានប្រជាពលរដ្ឋ ដេញចាប់បានរួចប្រគល់ជូនសមត្ថកិច្ច បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូលតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.