ផ្ទះ ព័ត៌មានជាតិ Update៖ ឃាត់ខ...

Update៖ ឃាត់ខ្លួនជនបង្ក៣នាក់ករណីបាក់រនាំងដែកកាត់ទទឹងផ្លូវត្រូវមនុស្សស្លាប់

0

ភ្នំពេញ: យោងតាមផេករបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនបង្ក៣នាក់ករណីបាក់រនាំងដែកកាត់ទទឹងផ្លូវត្រូវមនុស្សស្លាប់កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវ២០៩កែងផ្លូវ៤៣០ ភូមិ៤សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យរួមមាន៖
ទី១.ឈ្មោះញ៉ែម គឿន ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវលំ​សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ​ មុខរបរបើកបររថយន្ត។ទី២.ឈ្មោះឆាយលក្ខ័ ភក្ត្រណា ភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅផ្ទះជួលផ្លូវលំសង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ។ទី៣ឈ្មោះអ៊ាតវុទ្ធីភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅផ្ទះជួលភូមិព្រែកទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នមនុស្សទាំង៣នាក់ខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត។ចំណែកសាកសពត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកនិងខណ្ឌបឹងកេងកងសហការជាមួយនគរបាលជំនាញផ្នែកបច្ចេកទេសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើកោសល្យវិច័យដឹកយកទៅតម្កល់ទុកនៅវត្តថ្វាយដង្គំដើម្បីធ្វើបុណ្យតាមប្រពៃណី៕

សូមបញ្ជាក់ថាកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចផ្លូវ២០៩កែងផ្លូវ៤៣០ភូមិ៤សង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងរាជធានីភ្នំពេញមានបុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗទាំងដែលមានពាក់មួកសុវត្ថិភាពខណ:ដែលកំពុងជិះម៉ូតូតាមដងផ្លូវហើយត្រូវរនាំដែកកាត់ទទឹងផ្លូវបាក់រលំសង្កត់ចំក្បាលខណ:ដែលរថយន្តស្ទូចមួយគ្រឿងកំពុងស្ទូចតម្រង់ផ្សារឡើងវិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាសាកសពជនរងគ្រោះមានឈ្មោះឡឹមវិសុទ្ធភេទប្រុសអាយុ៧៥ឆ្នាំស្នាក់នៅផ្ទះលេខ២០អឺ២ហ្សិតផ្លូវ១០៧ភូមិ២សង្កាត់មនោរម្យខណ្ឌ៧មករារាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩រថយន្តដឹកទំនិញមួយគ្រឿងម៉ាកអ៊ីស៊ុយស៊ុយពណ៌សពាក់ស្លាកលេខភ្នំពេញ3E-6415ចេញពីឃ្លាំងខាងក្រោយសណ្ឋាគារមួយកន្លែងតាមបណ្តោយផ្លូវ៤៣០ក្រុម២៦ភូមិ៤សង្កាត់ទំនប់ទឹកក្នុងគោលបំណងទៅដឹកទឹកសុទ្ធក្រុមហ៊ុនណាវីនៅផ្លូវ២០៩សង្កាត់ទំនប់ទឹកលុះដល់ចំណុចកើតហេតុបានបុកនិងរនាំងដែលកាត់ផ្លូវបណ្តាលឲ្យវៀចរួចក៏ឈប់រថយន្តក៏មានសន្តិសុខប្រជាការពារខណ្ឌបឹងកេងកងល្បាតឃើញក៏ឃាត់រថយន្តនិងម្ចាស់ឲ្យធ្វើរនាំងកាត់ផ្លូវនេះឲ្យត្រង់ឡើងវិញរួចម្ចាស់រថយន្តឈ្មោះញ៉ែមគឿនថាមានតែកាត់រនាំងដែកទទឹងផ្លូវនេះហើយផ្សារភ្ជាប់គ្នាទើបត្រង់ទើបសន្តិសុខបានរាយការណ៍ទៅថ្នាក់លើរបស់ខ្លួននិងយល់ព្រមឲ្យធ្វើរនាំងដែកនេះឲ្យត្រង់ឡើងវិញទើបម្ចាស់រថយន្តនេះបានហៅជាងផ្សារដែក២នាក់ម្នាក់ឈ្មោះឆាយលក្ខភក្ត្រ័ណានិងម្នាក់ទៀតឈ្មោះអ៊ាតវុទ្ធីនិងហៅរថយន្តស្ទូចមួយគ្រឿងមិនចាំម៉ាកពណ៌សដងស្ទូចពណ៌ក្រហមមានគ្នា២នាក់ម្នាក់បើកបរនិងម្នាក់ទៀតមើលផ្លូវមកជួបជុំគ្នាហើយក៏ទៅទិញដែកអក្សរV២ម៉ែត្រដើម្បីយកមកកាត់អបផ្សារភ្ជាប់រនាំងដែកដែលជាងកាត់រនាំងដែកនោះហើយឈ្មោះញ៉ែមគឿនក៏ជិះម៉ូតូទៅទិញដែកVនៅផ្លូវ២៧១។លុះជិះត្រឡប់មកវិញស្រាប់តែមេជាងផ្សារដែកនោះតេទូរស័ព្ទមកប្រាប់ថារនាំងដែកកាត់ទទឹងផ្លូវនោះដាច់ធ្លាក់ត្រូវចំមនុស្សប្រុសម្នាក់ជិះម៉ូតូម៉ាកធូដេពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1DA-2427បណ្តាលឲ្យស្លាប់ដោយសន្តិសុខប្រជាការពារឈ្មោះវៃសុខាបានហាមមិនឲ្យឡានម៉ូតូឆ្លងកាត់ដែរប៉ុន្តែជនរងគ្រោះមិនស្តាប់តាមទើបឈ្មោះញ៉ែមគឿនជិះម៉ូតូមកមើលកន្លែងកើតហេតុឃើញមនុស្សស្លាប់ទៅហើយ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.