ផ្ទះ ព័ត៌មានជាតិ តុលាការសម្រេច...

តុលាការសម្រេចឃុំខ្លួនបុរសម្នាក់ ពីបទគំរាមកំហែងហែកកេរ្តិ៍ និងចែកចាយរូបភាពអាសអាភាសរបស់អតីតសង្សារ

0

កណ្តាល: កាលពីល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនជនសង្ស័យម្នាក់ ដែលយករូបអាសអាភាស អតីតសង្សារទៅបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ពីបទគំរាមកំហែងហែកកេរ្តិ៍ និងបទចែកចាយរូបភាពអាសអាភាស តាមបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបទបញ្ញត្ដិមាត្រា៣៧២ ,៣៧៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣៩ កថាខណ្ឌ៣ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលបានប្រព្រឹត្ដិនៅភូមិដើមពោធ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្ដកណ្ដាល ក្នុងអំឡុងខែមេសា ឆ្នាំ២០១៩ ។

គួរបញ្ជាក់ថា ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលខេត្ដបន្ទាយមានជ័យ ធ្វើការបង្រ្កាបចាប់ខ្លួនបានកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងទឹកដីខេត្ដបន្ទាយមានជ័យ បន្ទាប់ពីជនសង្ស័យរូបនេះ យករូបអាក្រាតកាយរបស់អតីតសង្សារទៅបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពីអតីតសង្សារទៅរៀបការជាមួយប្រុសផ្សេង ។

ជនសង្ស័យឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំថ្មពួក ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។ នារីរងគ្រោះមានអាយុ ២០ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ មានទីលំនៅភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។

ដំណើររឿង៖ ដំបូងឡើយនៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៨ជនសង្ស័យបានមកស្នាក់នៅក្នុងស្រុកកោះធំ រហូតមានទំនាក់ទំនងស្នេហាជាមួយនារីរងគ្រោះ និងបានរស់នៅផ្ទះជាមួយគ្នារយ:ពេលជាង៣ខែ លុះមកដល់អំឡុងខែមេសា នារីរងគ្រោះបាននិយាយសុំផ្ដាច់ទំនាក់ទំនងស្នេហាជាមួយជនសង្ស័យ ដើម្បីទៅរៀបការជាមួយមនុស្សប្រុសផ្សេងទៀតតាមឪពុកម្ដាយផ្សំផ្គុំឲ្យ បន្ទាប់ពីបែកបាក់ស្នេហាជនសង្ស័យកើតក្ដីខឹងសម្បារបានយករូបភាពអាក្រាតកាយរបស់នារីរងគ្រោះជាអតីតសង្សារ ដែលបានថតទុកកាលពីរស់នៅជាមួយគ្នាទៅបង្ហោះនៅតាមបណ្ដាញសង្គមហ្វេសប៊ុក ។

ក្រោយពីឃើញដូច្នេះ នារីរងគ្រោះក៏បានសម្រេចចិត្ដដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ជួយអន្ដរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.