ផ្ទះ ព័ត៌មានជាតិ លឿនណាស់លោកចោរ...

លឿនណាស់លោកចោរ! បុរសម្នាក់ទុកម៉ូតូចោល ចុះទៅតទុយោបូមទឹក ឡើងមកវិញស្លេកមុខ ដូចមាន់ស្ងោរ

0

កណ្ដាល: សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច ត្រង់ចំណុចលើទំនប់មេទឹកកើយ ស្ថិតភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីវេលាម៉ោង ១២ និង ១០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ ប៉ូ ចន្ថា ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ កសិករ។ ចំណែកជនសង្ស័យឈ្មោះ យ៉ន ពន្លក ហៅខ្មៅ ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។

វត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CX-2135 លេខតួ ND125M-9263693 លេខម៉ាស៊ីន ND125ME-9263693។

ដំណើររឿង៖ នៅវេលាកើតហេតុ​ ជនរងគ្រោះជិះម៉ូតូទៅមើលទឹកស្រែដូចសព្វដង និងបានយកម៉ូតូទៅទុកត្រង់ចំណុចខាងលើ រួចផ្លាស់ខោយកទូរស័ព្ទដៃនិងសោម៉ូតូដាក់ចូលក្នុងហោប៉ៅ ដាក់លើទូកម៉ូតូ បន្ទាប់មកក៏ចុះទៅតទុយោបូមទឹកដាក់ស្រែ កន្លះម៉ោងក្រោយមកជនរងគ្រោះឡើងមកវិញ ស្រាប់តែបាត់ម៉ូតូតែម្ដង ក៏នាំបងប្អូនដើររកតែមិនឃើញ។ លុះដល់ថ្ងៃទី២ ខែដដែល ជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកដំបង ឲ្យមន្ត្រីជំនាញជួយអន្តរាគមន៍។ខណ:មកដល់ថ្ងៃទី៤ ជនរងគ្រោះបានដើររកទៀត ហើយប្រទះឃើញជនសង្ស័យជិះម៉ូតូខ្លួនចេញពីឃុំស្វាយអំពារ ឆ្ពោះទៅស្រុកមុខកំពូល ក៏រាយការណ៍ទៅសមត្ថកិច្ច។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.