ផ្ទះ ព័ត៌មានជាតិ សង្ស័យលោកមេប៉...

សង្ស័យលោកមេប៉ុស្តិ៍ផ្សារដេប៉ូទី២ អត់ចេញល្បាត ជនសង្ស័យមួយក្រុម វាយប្លន់យកម៉ូតូអស់មួយគ្រឿង កណ្ដាលក្រុងភ្នំពេញ

0

ភ្នំពេញ: កាលពីវេលាម៉ោង ២និង ៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំមុខសណ្ឋាគារប្រេស៊ីដង់ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក មានករណីវាយប្លន់យកម៉ូតូមួយគ្រឿង បានសម្រេច ហើយជនសង្ស័យ ជិះគេចខ្លួនដោយសុវត្ថិភាព។

ជនរងគ្រោះឈ្មោះ អ៊ូច សុជាតិ ភេទប្រុស អាយុ ១៩ឆ្នាំ។

ដំណើររឿង៖ មុនកើតហេតុគេឃើញយុវជនម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សង់ស៊េរី០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត១G-៦៤២៧ ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយផ្លូវកម្ពុជាក្រោម។ មកដល់ចំណុចខាងលើ ស្រាប់តែលេចមុខ ក្រុមជនសង្ស័យ មានគ្នា ៦នាក់ (ស្រីម្នាក់) ជិះម៉ូតូ៣គ្រឿង មិនចាំស្លាកលេខ មកពីក្រោយ ប្រើល្បិចធ្វើជាមានជម្លោះជាមួយជនរងគ្រោះ ។

ឆ្លៀតឱកាសអំណោយផល ក្រុមជនសង្ស័យទាំងនោះ បាននាំគ្នាវាយទៅ លើជនរងគ្រោះ ហើយប្លន់យកម៉ូតូតែម្ដង បន្ទាប់មកក៏ ជិះគេចខ្លួនបាត់ស្រមោល មិនរំខានដល់សមត្ថកិច្ចនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ រួចដឹកជនរងគ្រោះ មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ២ ដើម្បីចាត់ការតាមនិតិវិធី។

សូមបញ្ជាក់៖ ករណីខាងលើនេះ សង្ស័យលោកមេប៉ុស្តិ៍សង្កាត់ផ្សារដេប៉ូទី២ ភ្លេចល្បាតក្នុងមូលដ្ឋាន ឬប្រហែលជាគាត់ ទៅដេកចាំប៉ុស្តិ៍មែន តែអាងដល់ម៉ោងទៅផ្ទះបាត់ ទើបបានជាលោកចោរហ៊ានវ៉ៃប្លន់ម៉ូតូ ទាំងនៅកណ្ដាលក្រុងភ្នំពេញបែបនេះ តើឲ្យពលរដ្ឋសង្ឃឹមលើលោកមេប៉ុស្តិ៍ យ៉ាងម៉េចទៅ។

ពលរដ្ឋក្នុងសង្កាត់ផ្សារដេប៉ូទី២ សំណូមពរទៅលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយជំរុញបន្ថែមទៅលោកមេប៉ុស្តិ៍ផង កុំបណ្ដែតបណ្ដោយឲ្យមានបទល្មើស កើតមានក្នុងមូលដ្ឋានតទៀត កុំចាំដល់ពលរដ្ឋរិះគន់ ទើបចាត់វិធានការ៕ ហាមយកអត្ថបទ ដោយគ្មានការអនុញ្ញាត

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.