ផ្ទះ ព័ត៌មានជាតិ សមត្ថកិច្ចជំន...

សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះបង្រ្កាបល្បែងភ្នាល់តាម Casino Online

0

ភ្នំពេញ: ដោយមានការបញ្ជាផ្ទាល់ពីលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខលោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាឲ្យមន្រ្តីជំនាញធ្វើការស្រាវជ្រាវ និងតាមដានរកមុខសញ្ញា ក្រុមបើកល្បែងកាស៊ីណូតាមបណ្ដាញទូរស័ព្ទ និងតាមប្រព័ន្ធអ៊ីនធឺណិត ។ បន្ទាប់ពីបើកការស្រាវជ្រាវ រួចមកកម្លាំងជំនាញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំណត់មុខសញ្ញា និងទីតាំងជនសង្ស័យ ដោយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការចូលរួមដឹកនាំពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងកម្លាំងនគរបាលខណ្ឌច្បារអំពៅ កម្លាំងជំនាញរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការចុះឃាត់ខ្លួន ជនសង្ស័យជាជនជាតិម៉ាឡេស៊ីចំនួន ៤នាក់ ដែលជាអ្នកគ្រប់គ្រង និងអនុវត្តប្រតិបត្តិការ Casino Online ព្រមទាំងរឹបអូសបានសម្ភារ:សម្រាប់ផ្សព្វផ្សាយ ដែលមានកុំព្យូទ័រ និងទូរស័ព្ទជាច្រើនគ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងត្រូវបានរៀបចំកសាងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បញ្ជាក់៖ កន្លងមកប្រជាពលរដ្ឋដែលបានប្រើប្រាស់ទូរស័ព្ទចល័ត តែងតែទទួលបាននូវសារអូសទាញឲ្យលេងល្បែងភ្នាល់អនឡាញជាច្រើនប្រភេទ ដែលជាអំពើផ្ទុយនឹងច្បាប់ ។

លោក ជា ពៅ បានអំពាវនាវឲ្យបងប្អូនរាយការណ៍មកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាជាបន្ទាន់ ប្រសិនបើបងប្អូនទទួលបាននូវសារទស្សន៍ទាយ ដើម្បីចូលរួមលេងល្បែងភ្នាល់ផ្សេងៗ តាមបណ្ដាញទូរគមនាគមន៍ ឬបណ្ដាញសង្គម ដើម្បីជាមូលដ្ឋានសម្រាប់នាយកដ្ឋានក្នុងការស្រាវជ្រាវ ចុះបង្ក្រាបទាន់ពេលវេលា ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.