ផ្ទះ ព័ត៌មានជាតិ នគរបាលចរាចរជើ...

នគរបាលចរាចរជើងទឹកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមមធ្យោបាយសម្ភារៈនិងកម្លាំងរួចជាស្រេចដើម្បីចេញអន្តរាគមន៍សង្គ្រោះកីឡាករអុំទូកនិងរៀបចំសណ្តាប់ធ្នាប់កន្លែងប្រារព្ធពិធីបុណ្យអុំទូក

0

ភ្នំពេញ: យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលចរាចរជើងទឹកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំមធ្យោបាយសម្ភារ:និងកម្លាំងរួចរាល់ជាស្រេចដើម្បីត្រៀមចេញអន្តរាគមន៍បង្ការសង្គ្រោះធានាសុវត្ថិភាពកីឡាករអុំទូកកើតមានគ្រោះថ្នាក់ដោយយថាហេតុណាមួយតាមផ្លូវទឹកគ្រាដែលនៅឆ្នាំនេះសេចក្តីរាយការណ៍ឱ្យដឹងថាមានទូកអុំទូកចែវប្រមាណជិត៣០០ទូកមកពីបណ្តាខេត្តក្រុងមួយចំនួនចូលរួមប្រលងប្រណាំងក្នុងឱកាសប្រារព្ធពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនិងបណ្តែតប្រទីបនៅរាជធានីភ្នំពេញនៅពេលឆាប់ៗខាងមុខនេះ។

កម្លាំងនគរបាលចរាចរជើងទឹកនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ក៏បានប្រមូលផ្តុំគ្នាបែងចែកតួនាទីភារកិច្ចបំពេញការងារតាមគោលដៅទទួលខុសត្រូវរៀងៗខ្លួនអនុវត្តតាមផែនការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសាលាក្រុងរាជធានីភ្នំពេញដោយចាប់ផ្តើមចេញរៀបចំសណ្តាប់ធ្នាប់នៅតាមដងទន្លេសាបនិងទន្លេចតុមុខចាប់តាំងពីចំណុចស្ពានជ្រោយចង្វាររហូតដល់ខាងមុខព្រះបរមរាជវាំងខណ្ឌដូនពេញខណ្ឌជ្រោយចង្វារនិងខណ្ឌប្ញស្សីកែវឱ្យមានរបៀបរៀបរយល្អជាពិសេសណែនាំម្ចាស់ទូកកាណូតកប៉ាល់ដែលចតតាមដងទន្លេអាណាធិបតេយ្យឱ្យទៅចតកន្លែងផ្សេងធ្វើយ៉ាងណាកុំឱ្យប៉ះពាល់នៃពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនិងបណ្តែតប្រទីប។

នាយការិយាល័យចរាចរណ៍ជើងទឹកលោកវរសេនីយ៍ទោពេញសុខនបានប្រាប់ឱ្យដឹងថាកម្លាំងនគរបាលចរាចរជើងទឹកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានត្រៀមរៀបរួចហើយសម្រាប់ចេញអន្តរាគមន៍ជួយសង្គ្រោះកីឡាករអុំទូកនិងមានមធ្យោបាយរួមមាន៖អូប័រអាវពោងពោងកងនិងមានអូប័រសម្រាប់បង្ការពន្លត់អគ្គីភ័យ។មិនតែប៉ុណ្ណោះរាល់មធ្យោបាយទាំងនោះក៏បានបំពាក់សម្ភារ:មួយចំនួនទៀតដើម្បីធានាធ្វើយ៉ាងណាឱ្យការសង្គ្រោះទាន់ពេលវេលានាំមកនូវសុវត្ថិភាពអាយុជីវិតកីឡាករអុំទូក។

លោកនាយការិយាល័យក៏បានសំណូមពរកីឡាករអុំទូកទាំងអស់ដើម្បីឱ្យពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែនិងបណ្តែតប្រទីបរយ:ពេល៣ថ្ងៃឱ្យទទួលបានជោគជ័យត្រូវចូលរួមគោរពតាមគោលការណ៍បែបបទអនុវត្តតាមគណ:កម្មធិការរៀបចំបុណ្យជាតិចៀសវាងកុំឱ្យកើតមានបញ្ហាទាស់ទែងកើតឡើងណាមួយនោះ៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.