ផ្ទះ ព័ត៌មានជាតិ អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្តសៀមរាប កំពុងចាត់វិធានការចាប់កូនក្រពើ ដែលប្រជាពលរដ្ឋយកមកព្រលែងក្នុងទស្សិណអង្គរ

0

សៀមរាប: យោងតាមផេកមន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាប និង ជាតំណាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំមន្ត្រីនៃអង្គភាពជំនាញ និង អាជ្ញាធរអប្សរា បានចុះមកដល់ទីតាំងដែលប្រជាពលរដ្ឋ យកកូនសត្វក្រពើមកព្រលែង នៅក្នុងទស្សិណអង្គរ ដើម្បីពិភាក្សា និង រិះរកវិធានការចាប់កូនក្រពើនេះវិញ ។

លោក សុខ ថុល បានមានប្រសាសន៍ថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នូវសកម្មភាពរបស់ប្រជាពលរដ្ឋ ដែលបានយកកូនក្រពើមកព្រលែង ក្នុងទស្សិណអង្គរនេះមក អាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាឲ្យចាត់វិធានការភ្លាមៗ ដើម្បីចាប់កូនក្រពើនេះយកមកវិញឲ្យខាងតែបាន កុំឲ្យវាវិវត្តធំទាន់ពេល ដោយសហការជាមួយមន្ត្រីជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប អាជ្ញាធរក្រុងសៀមរាប និង អាជ្ញាធរជាតិអប្សរា ដែលខណ:ពេលនេះ យើងកំពុងតែពិភាក្សាគ្នា និង រិះរកវិធានការ ដើម្បីចាប់កូនក្រពើនេះវិញ ។

លោក សុខ ថុល មានប្រសាសន៍បន្ថែមថា ទោះបីបុគ្គលណាក៏ដោយ ហើយមានជំនឿសាសនាយ៉ាងណាក៏ដោយ ក៏មិនត្រូវបានអនុញ្ញាតឲ្យយកសត្វក្រពើ មកព្រលែងក្នុងទស្សិណអង្គរ ដែលជាតំបន់សាធារណ:បានឡើយ ពីព្រោះសត្វក្រពើ ជាសត្វសាហាវមួយ ដែលធ្វើប៉ះពាល់ដល់អាយុជីវិតមនុស្ស ក្នុងពេលដែលប្រជាពលរដ្ឋមកលេង និង ចុះទឹកលេងក្នុងទស្សិណអង្គរនេះ ជាពិសេសវាប៉ះពាល់ដល់សន្តិសុខសាធារណ: ហើយនេះជាអំពើខុសឆ្គងមួយ និង មិនសមរម្យផងដែរ ដូច្នេះតាមរយ:នេះ ក្នុងនាមអាជ្ញាធរខេត្តសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅទាំងអស់ មិនត្រូវយកសត្វក្រពើមកព្រលែង ក្នុងទស្សិណអង្គរតទៅទៀតឡើយ។

លោក សំ ផាន់ណា មន្ត្រីជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប មានប្រសាសន៍ថា តាមការពិនិត្យលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក កូនក្រពើ ដែលប្រជាពលរដ្ឋយកមកព្រលែង ក្នុងទស្សិណអង្គរនេះ មានប្រវែងប្រមាណជា០៤តឹក ហើយយើងនឹងចាត់វិធានការ ចាប់ពីយប់នេះតែម្ដង រហូតដល់ចាប់បាន ព្រោះថា នៅពេលថ្ងៃកូនក្រពើវាខ្លាចមនុស្ស ហើយមិនបង្ហាញខ្លួនឲ្យយើងឃើញនោះទេ ។

លោក សំ ផាន់ណា មានប្រសាសន៍បន្ថែមថា វិធានការដែលយើងនឹងត្រូវ ចាប់កូនក្រពើនេះ មានចំនួន៣គឺ ៖ ទី១ . យើងប្រើភ្លើងកែវឆ្លុះ ឬក៏ពិល ឆ្លុះបញ្ចាំងទៅលើផ្ទៃទឹក ហើយនៅពេលភ្លើងឆ្លុះប៉ះចំនឹងភ្នែកក្រពើ ពន្លឺចេញពីភ្នែកក្រពើ បញ្ចាំងត្រឡប់មក ធ្វើឲ្យយើងមើលឃើញ , ទី២. គឺយើងប្រើមងរាយ ក្នុងខណ:ពេលកូនក្រពើហែលមកប៉ះនឹងមង គឺត្រូវជាប់មង និង ទី៣. យើងប្រើសន្ទូចរាយនុយ ដូចជារាយដាក់យកត្រី ពេលដែលក្រពើឃើញនុយ វានឹងស៊ីនុយនោះ ហើយជាប់សន្ទូចនោះតែម្ដង ។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរជាតិអប្សរា សូមគាំទ្រទាំងស្រុងនូវប្រតិបត្តិការចាប់សត្វក្រពើនេះ ព្រោះកិច្ចការងារនេះ គឺជាការងាររួមគ្នារវាងអាជ្ញាធរខេត្ត អាជ្ញាធរជាតិអប្សរា មន្ទីរជំនាញ និង សាលាក្រុងសៀមរាប នឹងធ្វើប្រតិបត្តិការរួមគ្នាចាប់សត្វក្រពើនេះ ចាប់ពីយប់នេះតែម្ដង រហូតដល់ចាប់ក្រពើបាន។

លោក ឡុង កុសល មានប្រសាសន៍បន្ថែមថា ទោះបីជាតំបន់នេះ សម្បូរទៅដោយទឹក និង ចំណីអាហារយ៉ាងណាក៏ដោយ ក៏អាជ្ញាធរអប្សរាមិនអាចអនុញ្ញាត ឲ្យមានការលេងសត្វសាហាវ ដូចជាសត្វក្រពើដូចនេះទេ ព្រោះថាវាធ្វើឲ្យប៉ះពាល់ ដល់សន្តិសុខ សុវត្ថិភាពរបស់ប្រជាភ្ញៀវដែលមកទស្សនានៅពេលនេះ ខណ:កន្លងមក យើងមានពិធីព្រលែងកូនត្រី , ព្រលែងសត្វអណ្ដើក និងសត្វផ្សេងទៀតក៏ពិតមែន តែពុំបានបង្កការគ្រោះថ្នាក់ដល់មនុស្សឬសត្វដទៃទៀតឡើយ ប៉ុន្តែចំពោះការព្រលែង សត្វក្រពើនៅក្នុងតំបន់នេះ គឺជាសកម្មភាពមួយដែលមិនសមរម្យទាល់តែសោះ ដូច្នេះ ក្នុងនាមអាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់ ពុំគួរគប្បីព្រលែងសត្វក្រពើនៅក្នុងតំបន់នេះ បន្តទៀតនោះទេ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.