ព័ត៌មានសិល្បៈ និងកម្សាន្ត

សិល្បករមួយក្រុម ស្នើឲ្យបរិច្ចាគជួយល្ខោនខោល

ការសម្ដែងល្ខោនខោល ទ្រង់ទ្រាយធំ កាលពីល្ងាចថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩ របស់សាលាសិល្ប:ហ្វូណន គេចាប់អារម្មណ៍ថាមាន សិល្បករសិល្បការិនី មួយក្រុមរបស់ គ្រួសារតារាកម្ពុជា ប្រមាណជាង២០រូបចូលរួម។ ទាំងសមាសភាព ទូតសុឆន្ទ:៥រូប និង សមាជិកពេញសិទ្ធិ សុទ្ធតែបានចូលរួមបំផុស ក្នុងព្រឹត្តិការណ៍នេះ។

លោក ស៊ុប ស័ក្ខរា អ្នករៀបចំកម្មវិធីបញ្ជាក់ថា គម្រោងធ្វើកម្មវិធីដ៏អស្ចារ្យពីសិល្ប: ល្ខោនខោល នៅខ្វះខ្ទង់ចំណាយច្រើនណាស់ ជាពិសេសលើការរៀបចំឆាក ដេគ័រវាំងលើឆាក ការចំណាយលើសំលៀកបំពាក់តួ និងការចំណាយលើផ្នែកផ្សេងៗ ដោយលោកបញ្ជាក់ថា ជំនួយដែលបានពីការបរិច្ចាគ គិតត្រឹមយប់ថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៩ ទើបទទួលបានជាង៦០លានរៀលទេ ប៉ុន្តែការចំណាយរហូត ដល់ជាង១ពាន់លានរៀល។ លោកទទូចឲ្យមានការបរិច្ចាគបន្ត ដោយលោក និងក្រុមការងារ ក៏បានបោះពុម្ពអាវ និងក្រមា ក្នុងតម្លៃ១តែ១ម៉ឺនរៀល ដើម្បីប្រមូលប្រាក់ចំណេញ យកទៅផ្គត់ផ្គង់គម្រោងកម្មវិធី។ លោកថា មូលនិធិ១០០០រៀល នៅតែបន្តរ៉ៃអង្គាសថវិកា តាមរយ:ការដាក់ហិប នៅផ្ទះកាហ្វរវប្បធម៌ និង ទីតាំងដែលបានប្រកាស។

លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានថ្លែងបញ្ជាក់ថា ដើម្បីបំផុសឲ្យកាន់ តែមានការចាប់អារម្មណ៍ លើល្ខោនខោលខ្មែរ ទើបលោកដឹកនាំទូតសុឆន្ទ: និង សមាជិកពេញសិទ្ធិប្រមាណ២០រូប ឲ្យចូលរួម។ សិល្បករដែលបានចូលរួមបំផុសព្រឹត្តិការណ៍ល្ខោនខោលថ្ងៃនោះ ភាគច្រើនសុទ្ធតែអំពាវនាវ ឲ្យមានការចាប់អារម្មណ៍ដល់ល្ខោនខោល។

សិល្បករទាំងនោះរួមមាន ទូតសុឆន្ទ:របស់គ្រួសារតារាកម្ពុជា ចំនួន៥នាក់ គឺ អ្នកនាង លី ម៉ារីណា, កញ្ញា វណ្ណា វត្តី, លោក រុន ណាកូ, កញ្ញា ភី សម័យ, និង កញ្ញា ពេជ្រ ចរណៃ។ សមាសភាពសមាជិកពេញសិទ្ធិរួមមាន លោក មាស សៀវប៉ាយ, លោក ឯក រ៉ាវ័ន្ត, លោក សុខ វិសាល, លោក សែម ធារិន្ទ, លោក ឃីម រតន:, អ្នកនាង សាង សុរិយា, កញ្ញា ព្រះអាទិត្យតូច, លោក រ៉ា យ៉ាឌីន, កញ្ញា មុត សុវណ្ណារិទ្ធ, កញ្ញា ស្រីថូ, លោក សិរីវង្ស, និងតារាសិល្ប:ជាសមាជិកជាច្រើន រូបទៀត។

ក្រៅពីចូលរួមទស្សនាការសម្ដែងរបាំអប្សរា ការសម្ដែងល្បុក្កតោ និង ការសម្ដែងល្ខោនខោលឈុតធំ សិល្បករសិល្បការិនីទាំងអស់ ក៏ចូលរួមបំផុសឲ្យមានការបរិច្ចាគ ចូលរួមទិញអាវក្រមា និង អំពាវនាវឲ្យមានការជួយ ដល់ល្ខោនខោលឲ្យកាន់តែខ្លាំងថែមទៀតផងដែរ៕

មតិយោបល់