ព័ត៌មានជាតិ

ជនដៃដល់យកដាវកាប់ទៅលើជនរងគ្រោះចំខ្នង បណ្តាលឲ្យរបួសធ្ងន់ពុំទាន់ដឹងថា ករណីកាប់ប្លន់ឬជាករណីគំនុំ

ភ្នំពេញ: បុរសម្នាក់កំពុងតែជិះម៉ូតូ តាមផ្លូវជាតិលេខ២សុខៗ ស្រាប់តែមានជនដៃដល់បានយកដាវ ទៅកាប់ពីក្រោយចំឆ្អឹងខ្នង បណ្តាលជនរងគ្រោះឈាមស្រោចពេញខ្លួន រងរបួសធ្ងន់ ចំណែកឯជនដៃដល់ បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក រត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ស្តិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចជិតនិងម៉ូឌែន២ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ម៉ែន រដ្ឋា ភេទប្រុស អាយុ២០ជាង រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញជនរងគ្រោះ ឈ្មោះ ម៉ែន រដ្ឋា ភេទប្រុស អាយុ២០ ឆ្នាំជាង បានជិះម៉ូតូម៉ាកឃ្លីក មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ កណ្តាល 1-V 9788 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីកើតមកលិច ខណ:ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យ បានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរពីក្រោយមកកាប់ទៅលើជនរងគ្រោះចំឆ្អឹងខ្នងមួយដាវ បណ្តាលឲ្យឈាមស្រោចពេញខ្លួន រួចក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ នៅតែម៉ូតូនិងជនរងគ្រោះដេកដួលក្នុងថ្លុកឈាម បន្ទាប់មកបានប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ភ្លាមៗ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកអន្តរាគមន៍ខណ្ឌមានជ័យ ចុះមកដល់រួចក៏បានទំនាក់ទំនងទៅរថយន្តសាម៉ុយ ឲ្យមកដឹកជនរងគ្រោះជាបន្ទាន់ ចំណែកជនដៃដល់សមត្ថកិច្ច និងធ្វើការស្រាវជ្រាវបន្ត ដើម្បីឈានទៅឃាត់ខ្លួនយកមកចាត់ការទៅតាមនីតិវិធី ៕

មតិយោបល់