ព័ត៌មានជាតិ

ប្រើប្រាស់បណ្តាញសង្គម Tik Tok ឌឺដងដាក់គ្នាក្លាយជាអំពើហិង្សា បណ្តាលឲ្យភាគីម្ខាងរងរបួស ឯអ្នកបង្កត្រូវឃាត់ខ្លួន

បាត់ដំបង: កាលពីថ្ងៃច័ន្ទ ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៤ និង០០នាទី អនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងដោយបានការ សម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបងផង នោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានកោះ ហៅជនសង្ស័យឈ្មោះ រ៉ម មករា ហៅរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិ ភ្នំសំពៅកើត ឃុំ ភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មកកាន់ ស្នងការដ្ឋាន ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹង ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាត ដោយចេតនា ( ប្រើប្រាស់កាំបិតកាប់ ) លើជនរងគ្រោះ និងមធ្យោបាយធ្វើដំណើរ ។

សូមជម្រាបជូនថា មូលហេតុដែលទាក់ទងនឹងការកោះហៅជនសង័្សយខាងលើនេះគឺ កាលពីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ០០ នាទី នៅចំណុចលើផ្លូវហាយវេ ស្ថិតក្នុងភូមិ ខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ ដែលជាសមាជិកក្រុម P. S. P ( ភ្នំសំពៅ ) រួមជាមួយបក្ខពួកចំនួន០៥នាក់ទៀត ជិះម៉ូតូចំនួន០៣គ្រឿង បាន ធ្វើសកម្មភាពអង្អង្គុយចាំស្ទាក់កាប់ ទៅលើក្រុមជនរងគ្រោះ ក្នុងក្រុម H .W ( ហាយវេ ) ចំនួន០៤នាក់ ដែលកំពុងអង្គុយលេង នៅ លើផ្លូវហាយវេ នេះបណ្តាលឱ្យឈ្មោះ ញ៉ាញ់ សុវណ្ណរ៉ា ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅ ភូមិបុស្សខ្នុរ ឃុំ ចែងមានជ័យ ស្រុក បាណន់ ខេត្តបាត់ដំបង រងរបួសធ្ងន់ ( មុតរយះក្បាលដល់លលាដ៍ ) ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយខាងលើបានឆ្លើយសារភាពថា កន្លងមកក្រុមទាំង០២នេះ ធ្លាប់បានធ្វើសកម្មភាព ដេញ កាប់គ្នាចំនួនប្រហែល១៣ លើកមក ហើយ រូបគេបានបន្តថា នៅពេលណាដែលក្រុមម្ខាងទៀត ប្រើប្រាស់ឃ្លីបវីដេអូ នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម Tik Tok ដោយប្រើពាក្យសំដីឌឺដង ដៀមដាមដាក់ក្រុមខ្លួន គឺក្រុមខ្លួនត្រូវតែរៀបចំ ផែន ការទៅកំចាត់ក្រុមនោះ ដោយការកាប់ចាក់ឬវាយបំផ្លាញទ្រព្យសម្បត្តិ ដើម្បីដោះស្រាយគំនុំ ។

បច្ចុប្បន្នជនសង័្សយ ត្រូវបានការិយាល័យជំនាញ ឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្ត តាម នីតិវិធីច្បាប់ រីឯបក្ខពួកផ្សេងទៀតសមត្ថកិច្ចកំពុងអនុវត្តបន្ត ៕

មតិយោបល់