ព័ត៌មានជាតិ

គ្រាន់តែសួរនាំរឿងម៉ូតូអស់សាំង ទាញកាំបិតផ្គាកដេញកាប់និងវាយ បណ្តាលឲ្យយុវជនម្នាក់របួស

ភ្នំពេញ: នៅវេលាម៉ោង០២និង០០នាទីរំលងអធ្រាត្រថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីយុវជនស្រីប្រុស១ក្រុមជិះម៉ូតូ ប្រទះឃើញបុរសចំនួន០២នាក់ ជិះម៉ូតូមួយគ្រឿង បានអស់សាំងតាមផ្លូវស្ងាត់ ដោយមានចិត្តចង់ជួយ ក៏ជិះម៉ូតូចូលទៅជិតសួរនាំ បែរជាត្រូវគេវាយនិងយកកាំបិតផ្គាកដេញកាប់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលឡើង ទីតាំងស្ថិតតាមបណ្ដោយផ្លូវវត្តសំរោងអណ្ដែត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ យុវជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AQ-3756 ធ្វើដំណើរជាមួយមិត្តភក្តិប្រុសស្រីចំនួន០៧នាក់ ជិះម៉ូតូ០៤គ្រឿង ត្រឡប់មកពីដើរកម្សាន្តលេងនៅម្តុំសួនច្បារវត្តបុទុមវតី ដោយបានជិះជូនមិត្តភក្តិស្រីៗទៅផ្ទះ ។ ពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ឃើញបុរស០២នាក់ ជិះម៉ូតូមួយគ្រឿង មិនបានចាំម៉ាក ជិះបញ្ច្រាសទិសដៅគ្នា ស្របពេលនោះដែរបុរស០២នាក់នោះ ក៏បានស្រែកថាម៉ូតូអស់សាំង ។ យុវជនរងគ្រោះ ឃើញផ្លូវស្ងាត់ ក៏មានបំណងចង់ជួយបុរសទាំងពីរនាក់នោះ ។

ប៉ុន្តែយុវជនរងគ្រោះរួមជាមួយមិត្តភក្តិ បានជិះបត់ម៉ូតូចូលទៅជិត ដើម្បីសួរនាំបុរសទាំង០២នាក់នោះ ហើយបានសួរថាកើតអីបង ម៉ូតូអស់សាំងមែន ? ភ្លាមនោះស្រាប់តែបុរសម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ បានស្រែកត្រឡប់មកវិញថា ស្អីហែងចង់វៃអញមែន? រួចក៏បានស្ទុះមកវាយយុវជនរងគ្រោះមួយដៃ ហើយពេលនោះមានបុរសម្នាក់ទៀត ដែលជាបក្ខពួករបស់បុរសទាំង០២នាក់នោះ ចេញមកមានកាន់កាំបិតផ្គាក់មួយដើម រត់មកកាប់យុវជនរងគ្រោះបន្ថែមទៀត ធ្វើឲ្យយុវជនរងគ្រោះភ័យផ្តួលម៉ូតូរត់គេចខ្លួន ។ ចំណែកបុរសនោះបានកាប់ម៉ូតូយុវជនរងគ្រោះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ រួចបុរសទាំង០៣នាក់នោះ បាននាំគ្នាគេចខ្លួនបាត់អស់ ចេញពីកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋាន បានចុះទៅអន្តរាគមន៍ ហើយបាននាំជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍ នគរបាលរដ្ឋបាលគោកឃ្លាង ដាក់ពាក្យបណ្តឹងដើម្បីងាយស្រួលដល់កម្លាំងសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ក្រុមបក្ខពួកជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

មតិយោបល់