ព័ត៌មានជាតិ

ហាយលែនឌ័របើកលឿន ជាន់ហ្រ្វាំងមិនទាន់ ជ្រុលបុករថយន្តស៊េរីទំនើប កំពុងបត់ឆ្លងផ្លូវពេញទំហឹង រងការខូចខាតទាំង ២គ្រឿង

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្តម៉ាក Jeep ស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា NPS.9899 បើកបរដោយបុរសម្នាក់។
រថយន្តម៉ាក ហាយឡិនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6402 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ចូលក្នុងបុរីមួយកន្លែង ខណ:កំពុងបើកបត់បានពាក់កណ្ដាលផ្លូវទៅហើយ ស្រាប់តែមានរថយន្តម៉ាក ហាយលែនឌ័រមួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីកើតមកលិច ក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំហឹង បណ្ដាលឲ្យខូចខាតទាំង ២គ្រឿងតែម្ដង។

សូមបញ្ជាក់៖ ករណីនេះ មិនមានមនុស្សរងរបួសទេ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងវាស់វែង យករថយន្តទាំង ២គ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់