ព័ត៌មានជាតិ

ផឹកទឹកត្នោតជូរតែម្នាក់ឯង ស្រវឹងចាក់ធុងបាស់រំខាន ខឹងជនរងគ្រោះស្រែកថាឲ្យ យកដុំឥដ្ឋគប់ចំក្បាលបែកហូរឈាមពេញខ្លួន

កណ្តាល: នៅថ្ងៃច័ន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី ជនសង្ស័យផឹកទឹកត្នោតជូរតែម្នាក់ឯង ស្រវឹងចាក់ធុងបាស់រំខាន ខឹងជនរងគ្រោះស្រែកថាឲ្យ យកដុំឥដ្ឋគប់ចំក្បាលបែកហូរឈាម ពេញខ្លួន ទីតាំងនៅត្រង់ចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ហុក គ្រីលាង ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរនៅផ្ទះ ។ ជនរងគ្រោះ មានរបួសស្នាមរយះហូរឈាមត្រង់ក្បាល ។ ចំណែកជនសង្ស័យម្នាក់ឈ្មោះ សយ ចាន់សិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-សង្កាត់កើតហេតុ មុខរបរ:មិនពិតប្រាកដ (ឃាត់ខ្លួន) ។ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាលចំនួន៦ដង ករណីហិង្សា និងធ្វើឲ្យខូចខាតដោយចេតនា ។

វត្ថុតាងចាប់យក៖ -បំណែកដុំឥដ្ឋ មួយចំនួន (របស់ជនសង្ស័យ) ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកទឹកត្នោតជូរតែម្នាក់ឯង បណ្តាលឲ្យស្រវឹង ស្រែកឡូឡា ចាក់ធុងបាស់រំខានដល់ផ្ទះជនរងគ្រោះ ដែលរស់នៅក្បែខាង ។ លុះមកដល់វេលាកើតហេតុខាងលើ ដោយខឹងជនរងគ្រោះស្រែកថាឲ្យខ្លួន ជនសង្ស័យក៏បានយកដុំឥដ្ឋប្រហោង យកទៅគប់ជនរងគ្រោះចំក្បាល បណ្តាលឲ្យរយះហូរឈាមពេញខ្លួន មានរបួសស្នាមតែម្តង ។ ហើយក្រោយមកក៏ត្រូវជនរងគ្រោះ ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឲ្យចុះឃាត់ខ្លួននិងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់