Post News Media ព័ត៌មានជាតិ ជនសង្ស័យម្នាក...

ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង តែម្ចាស់ឃើញទាន់ស្រែកឲ្យប្រជាពលរដ្ឋជួយ

(ភ្នំពេញ​)​ ៖​ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង​មិនបានសម្រេច​ ត្រូវបានម្ចាស់ម៉ូតូឃើញទាន់ស្រែកថា​ ចោរៗ​ ពេលនោះ​ប្រជាពលរដ្ឋ​បាននាំគ្នាចាប់វាយជិតស្លាប់​ ហេតុការណ៍នេះ​បានកើតឡើងកាលពីវេលាម៉ោង​ ១និង៣០នាទីរំលងអាធ្រាត​ ថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​ ស្ថិតនៅចំណុចផ្ទះលេខ​9Eo ផ្លូវលេខ107 ក្រុមទី12 ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែ​ ខណ្ឌឫស្សីកែវ​ ។ 
បើតាមការបញ្ជាក់ពីជនរងគ្រោះបានប្រាប់ថា​ នៅមុនពេលកើតហេតុ​ ជនរងគ្រោះ​បានជិះម៉ូតូចេញពីផ្ទះទៅទិញថ្នាំពេទ្យនៅម្តុំលោកសង្ឃ​ ដើម្បីយកថ្នាំទៅឲ្យម្តាយ​ នៅពេលដែលជនរងគ្រោះបានទិញថ្នាំរួចហើយ​ ក៏បានត្រឡប់ទៅផ្ទះវិញ​ រួចក៏បានទុកម៉ូតូរបស់ខ្លួននៅក្នុងរបងផ្ទះ​ ហើយបានចាក់សោរកម៉ូតូ​ ដោយមានសន្តិសុខយាមផ្ទះនៅទីនោះផងដែរ​ ។ 
លុះដល់ថ្ងៃទី៣១​ ខែមីនា​ ឆ្នាំ​២០១៦​ វេ​លាម៉ោង​ ១និង៣០នាទីរំលងអាធ្រាត​ សន្តិសុខ​យាមផ្ទះឈ្មោះ​ សុខហាន​ បានដេកលក់មួយភ្លែតភ្ញាក់ឡើងឃើញជនសង្ស័យកំពុងតែបណ្តើរម៉ូតូចេញបានប្រហែលជា​ ២០ម៉ែត្រ​ក៏បានស្រែកថា​ ចោរៗ​ ផ្អើលឆោឡោដល់ប្រជាពលរដ្ឋដែលនៅទីនោះ​ បាននាំគ្នាព្រួតវាយជនសង្ស័យបណ្តាលឲ្យជិតស្លាប់​ ។ ក្រោយមកសមត្ថកិច្ចមូលដ្ឋានក៏បានជិះល្បាតឃើញដូចនេះ​ បានចុះមកជួយអន្តរាគមន៍​ ហើយបានសួរនាំថា​ មានរឿងអ្វី​ ពេលនោ​ះ​ ប្រជាពលរដ្ឋ​បានប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានថា​ នេះគឺជាចោរលួចម៉ូតូ​ ទើបសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍នគរបាលទួលសង្កែ​ ដើម្បីសាកសួរបន្ត​ ។ 
ជនសង្ស័យមានឈ្មោះ​ ប្រុស​ ភក្ត្រ័​ ហៅ​ អាខ្មៅ​ ភេទ​ ប្រុស​ អាយុ​ ២៥ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅដេកលើសួនច្បារមាត់ទន្លេសាបក្បែរវត្តភ្នំ​ ។ ចំណែកឯជនរងគ្រោះមានឈ្មោះ​ សន​ ចាន់ដារ៉ា​ ភេទ​ ប្រុស​ អាយុ​ ២៣ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ សិស្ស​ ស្នាក់នៅកន្លែងកើតហេតុខាងលើ​ ។ 
ក្រោយពីកើតហេតុ​ សមត្ថកិច្ចបានធ្វើការដកហូតនៅវត្ថុតាងដែលជនសង្ស័យបានធ្វើសកម្មភាពរួមមាន​ ម៉ូតូ​ មួយគ្រឿង​ ម៉ាក​ ស៊ុយសារគីស្ទេប​ ពណ៌ក្រហម​លាយខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1AC-4544 និងប្រដាប់កាច់កម៉ូតូ​ ។ 
បច្ចុប្បន្នជនសង្ស័យខាងលើ​ ​ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ​ យកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ ដើម្បីចាត់ការតាមនិតិវិធី​ច្បាប់​៕

   
    
 

Loading...