ព័ត៌មានបច្ចេកវិទ្យា

កំណែ iOS ជំនាន់ចុងក្រោយ លេចចេញកំហុសថ្មីដ៏ធំមួយ ធ្វើឱ្យកម្មវិធីសារស្ទើរតែទាំងអស់គាំងបើកលែងចេញ

បញ្ហាចាស់ដោះស្រាយរួច បញ្ហាថ្មីក៏ចូលមកដល់។ នេះបានក្លាយទៅជារឿងដ៏សាមញ្ញាទៅហើយសម្រាប់ប្រព័ន្ធ iOS របស់ក្រុមហ៊ុន Apple។

ក្រោយពីបានបញ្ចេញ​ iOS 11.2.5 ដើម្បីកែបញ្ហាកម្មវិធី Phone លោតចេញព័ត៌មានមិនពេញលេញ សារដំណឹង​​លោតបាត់ពីអេក្រង់ iPhone X បន្ទាប់ពីអ្នកប្រើប្រាស់ដោះសោដោយប្រើ Face ID ជាដើមរួចមក ឥឡូវគេ​ទើបរកឃើញបញ្ហាធំថ្មីមួយផ្សេងទៀតកំពុងកើតមានលើ iOS កំណែចុងក្រោយនេះ។

បញ្ហានោះគឺ កើតឡើងទៅលើកម្មវិធីផ្ញើសារផ្សេងនៅលើទូរសព្ទ iPhone ដើរដោយប្រព័ន្ធ iOS 11.2.5 ដូចជា iMessage, WhatsApp, Facebook Messenger, Gmail ឬ Outlook ជាដើម ដោយវាធ្វើឱ្យកម្មវិធីទាំងនោះគាំងខូច បន្ទាប់ពីមានសារជាភាសា Telugu ត្រូវបានផ្ញើចូល។

Telugu គឺជាភាសាមួយរបស់ឥណ្ឌាដែលមានប្រជាជនជាង ៧២ លាននាក់កំពុងប្រើប្រាស់ ហើយគេមិនដឹងពីមូលហេតុពិតប្រាកដនោះទេ ថាតើហេតុអ្វីបានជា iOS 11.2.5 មិនអាចអាននិមិត្តសញ្ញានៃភាសានេះបាន។ ពោលគឺ នៅពេលដែលអ្នកប្រើប្រាស់ចុចបើកសារដែលផ្ញើចូលមកជាភាសា Telugu កម្មវិធីនោះនឹងបើកលែងចេញតែម្តង។

ចំពោះបញ្ហានេះ​ គឺគេមិនឃើញកើតមាននៅលើ iOS 11.3 នោះទេ ប៉ុន្តែ ជំនាន់នេះឋិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ហើយគេមិនរំពឹងថា ជំនាន់សម្រេចរបស់វានឹងចេញឆាប់ៗនោះទេ លុះត្រាតែ Apple មានបញ្ហាបន្ទាន់ដែលនាំឱ្យខ្លួនត្រូវប្រញាប់ចេញដូចជា iOS 11.2៕

របៀបដំឡើង iOS 11.3 beta 2 ដោយមិនចាំបាច់មានគណនី Developer

ប្រភពព័ត៌មាន: GSM Arena

មតិយោបល់